ភ្នំពេញៈ គិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២២ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានផ្ដល់ហិញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់កម្ពុជា មានទឹកប្រាក់សរុបប្រមាណ ១,៧ប៊ីលានដុល្លារ ក្នុងនោះឥណទានសម្បទានប្រមាណ ១,៣ប៊ីលានដុល្លារ និងហិរញ្ញប្បទានឥតសំណងប្រមាណ ៤៥៥លានដុល្លារ។ បើតាមកិច្ចជំនួបពិក្សាការងារ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមូយលោកស្រី KIM Kyung Hee អគ្គនាយក ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី។
នៅក្នុងជំនួបខាងលើ លោក អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរចំពោះលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់គួរជាទីមោទកភាពក្នុងស្មារតីនៃកិច្ចប្រជុំពិគ្រោះយោបល់កម្រិតកោលនយោបាយលើកទី៤ រវាងរដ្ឋាភិបាលទាំងពីរ ដែលសម្រេចបានលើបេក្ខភាពគម្រោងអភិវឌ្ឍន៍ទៅតាមវិស័យអាទិភាព ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការហិញ្ញប្បទាន សម្របសម្រួលឆ្នាំ២០២២-២០២៦។
លោក អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ក្នុងក្របខណ្ឌនេះ មានទឹកប្រាក់ឥណទានសម្បទានប្រមាណ ១,៥ប៊ីលាន និងហិរញ្ញប្បទានឥតសំណងសម្រាប់ផែនការ ២០២២-២០២៤ ដែលមានទឹកប្រាក់ប្រមាណ ៥០លាន សម្រាប់ហិញ្ញប្បទានដល់គម្រោងនានា ក្នុងនោះរួមាន៖ ផ្លូវជាតិ និងផ្លូវជនបទ, ធារាសាស្រ្ត, ថាមពល, ទឹកស្អាតនិងអនាម័យ,សុខាភិបាល និងវិស័យទូរគមនាមគន៍ ដែលសុទ្ធសឹងជាគម្រោងក្នុងវិស័យអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលកន្លង បានផ្ដល់ឥណទានសម្បទានសម្រាប់កម្មវិធីឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ-១៩ ប្រមាណ ៥០លានដុល្លារ ដើម្បីលើកស្ទួយ និងស្ដារសេដ្ឋកិច្ចកម្ពុជា ក្នុងដំណាក់កាលលំបាកពីផលប៉ះពាល់ពីជំងឺសកល។
នៅក្នុងជំនួបនោះ លោកស្រី KIM Kyung Hee បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងការប្រឆាំងនឹងជំងឺសកល ជាពិសេសបានធ្វើឱ្យកម្ពុជាត្រឡប់មករកប្រក្រតីភាពបើកប្រទេសឡើងវិញ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)