Register Already an agent ? Login

ការដោះដូរពាណិជ្ជកម្មកម្ពុជា និងទីផ្សារអន្តរ មានទឹកប្រាក់ជាង ២២ពាន់លានដុល្លារ ៥ខែឆ្នាំ២០២២

ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មកម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិ មានទឹកប្រាក ២២,៤៦៩លានដុល្លារ កើនឡើងប្រមាណ ១៩.៧% ក្នុងនោះការនាំចេញមានតម្លៃ ៩,៤១២លានដុល្លារ កើនឡើង៣៤.៥% និងនាំចូលមកវិញមានតម្លៃ ១៣,០៥៧លានដុល្លារ កើនឡើង ១១%។ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

នៅក្នុងរបាយការណ៍ខាងលើបានបន្តថា ប្រទេសសំខាន់ៗ ដែលជាដៃគូរនាំចេញនាំចូលរបស់កម្ពុជា ក្នុងនោះរួមមាន៖ ចិន មានទំហំ ៤,៩៩០លានដុល្លារ កើនឡើង ២៦.១%, អាមេរិក មានទំហំ ៣,៨៦៤លានដុល្លារ កើនឡើង ៥៥.៤%, វៀតណាម មានទំហំ ២,៧៨៩លានដុល្លារ កើនឡើង ២០.៣%, ថៃមានទំហំ ១,៨៦៩លានដុល្លារ កើនឡើង ១៨%។

បើតាមរបាយការណ៍ដដែលបានបន្ថែមថា ជាមួយគ្នានោះ ការធ្វើពាណិជ្ជកម្មជាមួយជប៉ុនមានទំហំ ៧៧៨លានដុល្លារ កើនឡើង១២.៣% និងដោយឡែកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរីមានទំហំ ១,៧២៣លានដុល្លារ ថយចុះ ៤២.៣%។

នៅក្នុងរបាយការណ៍បានបន្ថែមឱ្យដឹងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង គឺជាវិស័យដែលរកចំណូលឱ្យកម្ពុជាច្រើនជាងគេ ពោលគឺរយៈពេល៥ខែ ឆ្នាំ២០២២ មានតម្លៃសរុបជាង ៤,៦៤២លានដុល្លារ, កៅស៊ូ រួមចំណែកជាង ១៨៣លានដុល្លារ កើនឡើង ២១.៦%, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង ៦៣៩លានដុល្លារ រួមទាំងផលិតកសិកម្មមួយចំនួនទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)