ភ្នំពេញ៖ គ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដែលបាននាំចេញទៅវៀតណាមបរិមាណ ៥៧៤,៣៥៩តោន ទទួលបានទឹកប្រាក់ ៨៦៥,៣៦២,២៣៧ដុល្លា ៥ខែឆ្នាំ២០២២ បានថយចុះ ៤៤% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២១។ បើតាមរបាយការណ៍របស់ សមាគមស្វាយចន្ទីកម្ពុជា។
ការថយចុះទិន្នផលស្វាយចន្ទីនេះ បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដែលបានធ្វើឱ្យគ្រាប់ស្វាយចន្ទីធ្លាក់គុណភាព។ បើតាមការថ្លែងរបស់ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបន្តថា ស្វាយចន្ទីជាដំណាំសក្ដានុពលរបស់កម្ពុជា ដោយដំណាំប្រភេទនេះត្រូវពឹងផ្អែកទាំងស្រុងលើអាកាសធាតុ បើអាកាសធាតុប្រែប្រួលនៅតែអូសបន្លាយទៀត នឹងធ្វើឱ្យប៉ះពាល់ដល់ផលចន្ទីនៅឆ្នាំបន្ទាប់ទៀត។
លោក បានថ្លែងបន្តឱ្យដឹងថា វៀតណាមបានទទួលទិញគ្រាប់ស្វាយចន្ទីប្រមាណ ៩៥% ពីកម្ពុជាហើយគ្រាប់ស្វាយចន្ទីភាគច្រើនដែលនាំចេញទៅវៀតណាមជាប្រភេទគ្រាប់ឆៅ ហាលស្ងួត។ សម្រាប់វិញតម្លៃប្រហាក់ប្រហែលនឹងឆ្នាំ២០២១ គឺ ៦,៨០០រៀលទៅ ៧,២០០រៀល ក្នុង១គីឡូក្រាម សម្រាប់ចន្ទីស្ងួតសាច់ ៣០%។
រយៈណពេល ៥ខែដើមឆ្នាំ២០២២ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិ មានចំនួនជាង ៣៩៤,៨០០តោន ថយចុះ ៥០.៧០% ក្នុងនោះនាំចេញទៅវៀតណាមចំនួនជាង ៣៩ម៉ឺនតោន, ថៃ ចំនួន ១,៣០០តោន, ឥណ្ឌាចំនួន ៩៨តោន, ចិនចំនួនជាង ១៣តោន និងជប៉ុនចំនួន ០.១៤តោន។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម។
របាយការណ៍ក្រសួងកសិកម្មបានបន្តថា ដោយឡែក ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ មានចំនួនជាង ២៧៤តោន ថយចុះ ៦៩.៥២% ក្នុងនោះនាំចេញទៅចិន មានចំនួនជាង១៣៦.៦៨តោន, ថៃ ១០៨តោន, ជប៉ុន ២០តោន និងកោះតៃវ៉ាន់ ចំនួន ៩.៨០តោន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)