ភ្នំពេញ៖ កម្ពុជាត្រូវការទុនវិនិយោគជិត ៥០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងប្រមាណ ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះជាការថ្លែងឱ្យដឹងរបស់ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ដើម្បីធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹក ជញ្ជូនរបស់កម្ពុជាកាន់តែមានការប្រកួតប្រជែងជាងមុននិងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន បង្កើតការងារធ្វើនៅកម្ពុជាផងដែរ។
ការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្តី្រក្រសួងសាធារណការ និងដឹកចញ្ជូន នៅក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយគណៈប្រតិភូក្រុមហ៊ុនCMA CGM (Cambodia) Co., Ltd ដឹកនាំដោយលោក Laurent Olmeta, នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។
លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) ដើម្បីជួយពន្លឿននីតិវិធីចេញ-ចូលនាវានៅតាមកំពង់ផែ និងកាត់បន្ថយថ្លៃដើមដឹក ជញ្ជូនទំនិញតាមផ្លូវសមុទ្រ ដែលគ្រោងនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ក៏បានលើឡើងបន្តថា មានគម្រោងសាងសង់លើកកម្រិតព្រលានយន្តហោះចំនួន៣ តាមស្តង់ដារអន្តរជាតិនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តកោះកុង ដែលប្រតិបត្តិដោយក្រុមហ៊ុនឯកជនឈរលើគោលការណ៍BOT (សាងសង់ ប្រតិបត្តិ ផ្ទេរ)។
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានបន្ថែមថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់នៅខែកញ្ញាឆ្នាំនេះ ដែលអាចជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញចំណាយពេលតិចជាង ៣ម៉ោង ទៅកាន់ខេត្តព្រះសីហនុ កាត់បន្ថយការប្រើប្រាស់ផ្លូវជាតិលេខ៤ បច្ចុប្បន្នត្រូវចំណាយពេលប្រមាណ ៦ម៉ោងទៅកាន់ក្រុងកំពង់ផែមួយនេះ។
តាមរយៈជំនួបនោះ លោក Laurent Olmeta បានសំដែងនូវចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលើការពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ទាក់ទងនឹងការដឹកជញ្ជូនតាមកំពង់ផែ។
នៅក្នុងជំនួបនោះ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានស្វាគមន៍ចំពោះក្រុមហ៊ុន CMA ដែលមានបំណងចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុឡើងវិញបន្ទាប់ពីបានអាក់ខានមួយរយៈកន្លងមក។
នាឱកាសនោះ លោក លូ គឹមឈន់ ក៏បានលើកឡើងអំពីគម្រោងសាងសង់ផែកុងតឺន័រថ្មីដំណាក់កាលទី១ របស់កំពង់ស្វ័យតក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ ការសិក្សាគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី២ និងជំហានទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងកញ្ចប់តែមួយ ដើម្បីពង្រីកសមត្ថភាពកំពង់ផែឱ្យកាន់តែប្រសើរឡើង៕
ដោយ៖មឿន ឌីណា (Moeun Dyna)