Register Already an agent ? Login

កម្ពុជា និងវៀតណាម បានពិភាក្សាគម្រោង តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកពីខេត្តកែប ទៅកោះត្រល់

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ TTG នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីកម្ពុជា និងវៀតណាម បានជួបពិភាក្សាគ្នា លើគម្រោងតភ្ជាប់ផ្លូវទឹកជាប់ព្រំដែន ខេត្តកែប និងកោះត្រល់ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែម តាមរយៈប្រើប្រាស់ទូកល្បឿនលឿន គោលបំណងជំរុញវិស័យទេសចរណ៍ នៅខេត្តកែបនិងខេត្តកំពតរបស់កម្ពុជា។

គម្រោងភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនេះ គឺស្របពេលដែលខេត្តកែប កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍ និងកំពង់ផែទេសចរណ៍ខេត្តកំពត ដែលគ្រោងនឹងដាក់ឱ្យដំណើរការបម្រើដល់ការធ្វើដំណើររបស់ទេសចរបរទេស។ បើតាមការបន្តរបស់ TTG។

TTG បានស្រង់សំដីរបស់ ស្ថាបនិកក្រុមហ៊ុន Lux Travel DMC លោក Pham Ha ថា ការផ្តល់ជូននេះនឹងជំរុញដល់ភ្ញៀវទេសចរវៀតណាម និងអាស៊ានផ្សេងទៀតដែលអាចធ្វើដំណើរដោយពុំចាំបាប់ស្នើសុំទិដ្ឋាការ។

​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ល្អ ដោយសារ​វា​ភ្ជាប់​កោះត្រល់ (Phu Quoc) ជាមួយ​នឹង​តំបន់​ដែល​មិន​សូវ​មានគេស្គាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បើតាមការបញ្ជាក់របស់ លោក Pham Ha បានបន្តថា ម្យ៉ាងវិញទៀតជាការ​ផ្តល់​ឱកាស​ឱ្យ​អ្នក​ដំណើរ​វៀតណាម​ទៅ​លេង​កន្លែង​នានា​ដូច​ជា ​ខេត្ត​ព្រះសីហនុ និង​កោះទន្សាយ​បានដោយ​ងាយស្រួល​ថែមទៀតផង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)