ភ្នំពេញ៖ ប្រទេសកម្ពុជា គឺជាប្រទេសមួយតាមបណ្តោយ «ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១» ហើយក៏ជាប្រទេសដែលចូលរួមនិងអនុវត្តមុនគេបង្អស់នៃគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់និងផ្លូវ» ផងដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងកម្ពុជាទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យដូចជា៖ ការកសាងទំនុកចិត្តផ្នែកនយោបាយរវាងគ្នានិងគ្នា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិជាដើម។ បើតាមស្ថានទូតចិនប្រចាំកម្ពុជា។
ប្រការនេះ មិនត្រឹមតែបានបង្កើតជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់និងផ្លូវ» ប៉ុណ្ណោះទេ ថែមទាំងបានបង្កើតជាគំរូក្នុងការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មីផងដែរ។ បើតាមការបញ្ជាក់របស់ស្ថានទូតចិន បានបន្តថា ក្នុងនាមជាប្រទេសដ៏មានសារសំខាន់ចំពោះប្រទេសចិនក្នុងការជំរុញកិច្ចកសាង «ខ្សែក្រវាត់និងផ្លូវ» យុទ្ធសាស្ត្រចតុកោណសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជាមានភាពស៊ីសង្វាក់គ្នាខ្ពស់ជាមួយនឹងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជាពិសេស គឺការតភ្ជាប់គ្នាក្នុងវិស័យកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ។
ទន្ទឹមនឹងការពន្លឿនការជំរុញរួមគ្នាកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យរវាងប្រទេសទាំងពីរចិននិងកម្ពុជាមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ហើយប្រទេសចិន ក៏បានបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដូចជា៖ ផ្លូវថ្នល់និងស្ពាន វិស្វកម្មធារាសាស្ត្រ គម្រោងបណ្តាញអគ្គិសនី កំពង់ផែនិងព្រលានយន្តហោះជាដើម។
បើតាមស្ថានទូតចិនបានរម្លឹកថា រយៈពេល ៩ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ទន្ទឹមនឹងគំនិតផ្តួចផ្តើម «ខ្សែក្រាវាត់និងផ្លូវ» ដែលបានដាក់ចេញហើយឈានចូលឆ្នាំទី៩ កម្ពុជាមានការផ្លាស់ប្តូរនិងការអភិវឌ្ឍ ៣សំខាន់ៗរួមមាន៖
ទី១ កំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជា ទោះបីជាបាននិងកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មប្រទេសទាំងពីរនៅតែរក្សានិន្នាការកំណើនដដែល។ ក្នុងឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជា បានឡើងដល់ ៩.៥៦ពាន់លានដុល្លារ កើនឡើង ១,៤% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០១៩ ក្នុងនោះ ការនាំចូលនិងនាំចេញរបស់កម្ពុជា ជាមួយចិនបានកើនឡើង ០,៩% និង ៣,៧% ដោយឡែកពីគ្នា។
ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន ដូចជា ផែ្លចេក និងអង្ករជាដើមបានកើនឡើងយ៉ាងឆាប់រហ័ស។ បរិមាណនាំចេញផ្លែចេករបស់កម្ពុជាទៅកាន់ចិនក្នុងឆ្នាំ២០២០ ដល់ទៅ ២៧ម៉ឺនតោន ឯតួលេខទាំងនេះបានឡើងដល់ ៣២ម៉ឺនតោនក្នុងឆ្នាំ២០២១។ ប្រទេសចិន បានរក្សាឋានៈជាទីផ្សារនាំចេញធំបំផុតរបស់កសិផលកម្ពុជា។ អ្នកវិភាគបានចង្អុលបង្ហាញថា ទីផ្សាររបស់ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកទូលាយជាបន្តបន្ទាប់ចំពោះកសិផលរបស់កម្ពុជា។
ទី២ ការអភិវឌ្ឍខាងវិស័យទេសចរណ៍ គឺជាឧស្សាហកម្មធំមួយក្នុងចំណោមសសរទ្រទ្រង់ផ្នែកសេដ្ឋកិច្ចធំទាំង៤ របស់កម្ពុជា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរចិនដែលទៅទស្សនាកម្ពុជាបានកើនឡើងពីចំនួន ៥៦ម៉ឺននាក់ឡើងដល់ ២លាន៣សែន៦ម៉ឺននាក់ ដូចនេះប្រទេសចិនបានក្លាយជាប្រភពភ្ញៀវទេសចរណ៍ធំបំផុតរបស់ប្រទេសកម្ពុជា។
ទី៣ កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ពេលបច្ចុប្បន្នផ្លូវថ្នល់ដែលសាងសង់ដោយចិននៅកម្ពុជាមានប្រវែងសរុបជិត ៣០០០គីឡូម៉ែត្រ ក្រៅពីនេះ ចិនក៏បានសាងសង់ស្ពានជាង ១០ខ្សែផងដែរ។ ផ្លូវពីក្រុងសៀមរាប ទៅរាជធានីភ្នំពេញ ឬពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ផ្លូវថ្នល់សំខាន់ៗនៅកម្ពុជាដែលត្រូវសាងសង់និងជួសជុលទាំងនេះសុទ្ធតែជាជំនួយរបស់ប្រទេសចិន។ ការដែលប្រទេសចិនបានសាងសង់ផ្លូវថ្នល់និងស្ពាននៅប្រទេសកម្ពុជាបាននាំមកនូវភាពងាយស្រួលខាងចរាចរណ៍ទំនិញយ៉ាងខ្លាំងដល់កម្ពុជា ក៏ដូចជាបានកាត់បន្ថយថ្លៃដើមនៃចរាចរណ៍ទំនិញផងដែរ។
ស្ថានទូតចិនបានស្រង់សំដី លោក នាក់ ចិន្តារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១ ថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បានរួមចំណែកយ៉ាងធំធេងដល់យុទ្ធសាស្រ្តអភិវឌ្ឍន៍របស់កម្ពុជា ប្រការនេះនឹងជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅដ៏មហិមារបស់ខ្លួន ពោលគឺដល់ឆ្នាំ២០៣០ នឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ហើយដល់ឆ្នាំ២០៥០ នឹងក្លាយជាប្រទេសចំណូលខ្ពស់។
លោក បានបន្តថា បើលើកឡើងដល់គម្រោងជានិមិត្តសញ្ញាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី «ខ្សែក្រវាត់និងផ្លូវ» នៅប្រទេសម្ពុជា គួររម្លឹកដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពិសេសថ្នាក់ជាតិតែមួយគត់រវាងចិននិងកម្ពុជា ដែលត្រូវទទួលស្គាល់ដោយរដ្ឋាភិបាលចិននិងកម្ពុជា។
លោក បានបន្ថែមថា នាពេលបច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសចំនួន ១៧០សហគ្រាសដែលមកពីចិន អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេស និងតំបន់ផ្សេងទៀតជាដើម បានផ្តល់ឱកាសការងារជិត ៣០០០០ឱ្យប្រជាជនខ្មែរ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគំរូដ៏ល្អឥតខ្ចោះនៃការធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។ បើតាមការគូសបញ្ជាក់របស់ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបន្តថា ទន្ទឹមនឹងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលលើកឡើងដោយប្រទេសចិនបានផ្សារភ្ជាប់គ្នាយ៉ាងស៊ីជម្រៅជាមួយនឹង យុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា ប្រទេសទាំងពីរទទួលបាននូវឱកាសអភិវឌ្ឍន៍ថ្មីៗជាច្រើន។
លោក គិន ភា អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ប្រទេសកម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កាជាក់ស្តែងរួចហើយតាមរយៈការបណ្តាក់ទុនរបស់ចិនក្នុងគ្រប់វិស័យនៃប្រទេសកម្ពុជា។ លោក បានបន្តថា យើងបានមើលឃើញថា ឆ្លងតាមរយៈជំនួយអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗទាំងនេះ ដូចជា ផ្លូវថ្នល់ អាកាសយានដ្ឋាន កំពង់ផែ និងវារីអគ្គិសនីជាដើមវាសុទ្ធតែជា សូចនាករសំខាន់ៗសម្រាប់វាស់វែងពីសមិទ្ធផលដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» របស់ប្រទេសចិន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)