ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគចំនួន ៣៧គម្រោង ដែលមានទឹកប្រាក់ប្រមាណ ២, ៤០០លានដុល្លារ នៅក្នុងរយៈពេល ២ខែ ចាប់ពីខែមករា ដល់ខែកុម្ភៈ ដើមឆ្នាំ២០២២ ភាគច្រើនជាគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ គម្រោងផលិតសម្បកកង់យានយន្ត និងគម្រោងមួយចំនួនទៀត។ បើតាមរបាការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
គម្រោង ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបអនុម័តថ្មីៗនេះភាគច្រើននៅតែជាគម្រោងរបស់ក្រុមហ៊ុនមកពីប្រទេសចិន។ បើតាមការថ្លែងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្តឱ្យដឹងថា អ្វីដែលគួរឱ្យមោទនភាពនោះគឺ គម្រោងវិនិយោគទាំងនោះ ភាគច្រើនមិនមែនក្នុងវិស័យកាត់ដេរ ដោយភាគច្រើនក្នុងអនុវិស័យដូចជា៖ គម្រោងផលិតសម្បកកង់រថយន្ត និងរោងចក្រកែច្នៃផលិតផលកសិកម្ម ដែលជាឧស្សាហកម្មគាំទ្រដល់សេដ្ឋកិច្ចកម្ពុជាបាននឹងនរ ប្រសើរជាងវិស័យកាត់ដេរ។
នៅក្នុងឆ្នាំ២០២២ សភាពាណិជ្ជកម្មកម្ពុជា បានពង្រីកទំនាក់ទំនងច្រើនជាមួយបរទេស ដោយថ្មីៗនេះសភាពាណិជ្ជកម្មតួកគី ក៏ដូចជាពាណិជ្ជករតួកគី សន្យាថានឹងមកកម្ពុជាក្នុងពេលឆាប់ៗដើម្បីអនុវត្តនិងសិក្សាគម្រោងវិនិយោគនៅកម្ពុជា។ បើតាមការលើកឡើងបន្តរបស់ លោក លឹម ហេង បានបន្តទៀតថា សភាពាណិជ្ជកម្មកម្ពុជាបានជួយជ្រោមជ្រែង និងដោះស្រាយបញ្ហាឱ្យវិស័យឯកជនបានច្រើននៅក្នុងរយៈពេលចុងក្រោយ ដោយកត្តានេះបានផ្តល់ទំនុកចិត្តដល់វិនិយោគិនក្នុងស្រុក បន្តទាក់ទាញអ្នកវិនិយោគពីក្រៅថែមទៀត។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ការខិតខំរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងពាណិជ្ជកម្មក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវិស័យឯកជនក្នុងស្រុកក្នុងការកៀរគរវិនិយោគពីក្រៅប្រទេសបានជំរុញឱ្យមានគម្រោងវិនិយោគថ្មី។
លោក ហុង វណ្ណៈ បានបន្តថា ដូចយើងដឹងហើយថា កម្ពុជាក៏នៅតែទទួលបាន EBA ពីសហភាពអឺរ៉ុប ហើយក៏នៅតែទទួលបាន GSP ពីអាមេរិកនៅឡើយ ដែលនេះក៏ជាលក្ខខណ្ឌមួយ ដែលធ្វើឱ្យវិនិយោគនានា នៅមានក្តីសង្ឃឹមក្នុងការផលិតនូវផលិតផលរបស់ខ្លួនសំដៅធ្វើការនាំចេញទៅលក់នៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងអាមេរិក។
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ដោយ៖ មឿន ឌីណា (Moeun Dyna)