ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែមីន ឆ្នាំ២០២២ បានចុះពិនិត្យការដ្ឋានស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលសម្រេចបាន ៩៩ភាគរយ នៃគម្រោងទាំងមូល នឹងដាក់ឱ្យដំណើរការប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។
ទំព័រហ្វេសប៊ុករបស់ លោក ឃួង ស្រេង បានបន្តថា នឹងរៀបចំពិធីបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ ក្រោមអធិបតីភាពរបស់សម្ដេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមរម្លឹកថា គម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ ជាគម្រោងរបស់រដ្ឋាភិបាលកម្ពុជា និងម៉ៅការសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល ៣០ខែ និងចំណាយថវិកា ២២លានដុល្លារ។ នៅពេលដែលសាងសង់រួចគម្រោងនេះ នឹងមានអាយុកាលប្រមាណជា ១០០ឆ្នាំ។
យោងទៅតាមផែនការមេ គម្រោងស្ថាបនានេះរួមមាន៖ ១-ស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរ ២ គន្លងទៅ ២ គន្លងមក និងជម្រាលស្ពាន៤,៥ម៉ែត្រ។ ២-ស្ពានអាកាសទីពីរ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅវេងស្រេង ប្រវែង៤០ម៉ែត្រ ។
៣-ជាស្ពានតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែង ៦០ម៉ែត្រ ទទឹង៥,២៥ម៉ែត្រ។ ៤-ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ និង ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមាន២ គន្លងរថយន្ត និង១ គន្លងទោចក្រយានយន្ត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)