ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិក បានផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៦,៣៥៥,៧២០ដុល្លារ តាមរយ:អង្គការNPA គាំទ្រអង្គភាពស៊ីម៉ាក់បោសសំអាតតំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោម រយ:ពេល ៤៥ខែ (ថ្ងៃទី១ ខែមីនា ២០២២-វិច្ឆិកា ២០២៥) ដែលមានខេត្តចំនួន៧ លើផ្ទៃដីសរុបជាង ១៣,២០០ហិកតា។ បើតាមទំព័រហ្វេសប៊ុករបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។
ទំព័រហ្វេសប៊ុករបស់ CMAC បានបន្តថា ហេង រតនា អគ្គនាយក CMAC និងលោក Rune Dale Andresen ប្រធានអង្គការ NPA ប្រចាំកម្ពុជា បានចុះហត្ថលខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងអង្គការ NPA និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លើជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលមេរិកចំនួនជាង ៦លានដុល្លារ តាមរយ:អង្គការ NPA គាំទ្រអង្គភាពស៊ីម៉ាក់ បោសសំអាតតំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោម នៅក្នុងប្រទេសកម្ពុជា។
ក្រសួងការបរទេសអាមេរិក បានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងនេះ តាមរយ:អង្គការ NPA សម្រាប់គាំទ្រសកម្មភាពរបស់អង្គភាពស៊ីម៉ាក់ លើកិច្ចប្រតបត្តិការបោសសំអាតតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម នៅខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតន:គីរី និងខេត្តមណ្ឌលគីរី។ បើតាមការបន្តរបស់ CMAC។
CMAC បានបន្ថែមថា ជាការកត់សម្គាល់កញ្ចប់ថវិកានៃជំនួយនេះ មានទំហំទឹកប្រាប់ដូចបណ្តាឆ្នាំកន្លងមកដែរ គ្រាន់តែជំនួយលើកនេះមានរយ:ពេលវែងគឺរហូតដល់ទៅ៤៥ខែ ដែលកន្លងមកមានរយ:ពេលត្រឹមតែ ១២ខែម្តង ឬ១ឆ្នាំម្តងតែប៉ុណ្ណោះ។ ជំនួយនេះបានផ្តល់លទ្ធភាពឱ្យអង្គភាពស៊ីម៉ាក់ អាចពង្រាយកម្លាំងប្រតិបត្តិការបានចំនួនជាង ២០០នាក់ និងអាចរំដោះផ្ទៃដីតំបន់គ្រាប់បែកចង្កោមបានជាង ១៣,២០០ហិកតា។
បើតាមប្រពភដដែលបានបន្ថែមទៀតថា ជាមួយនេះដែរ ក្រសួងការបរទេស Norway ក៏បានសម្រេចផ្តល់ថវិកាខ្នាតតូចចំនួនពីរគម្រោង គឺគម្រោងរំដោះខេត្តគ្មានគ្រាប់មីន ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការ និងគម្រោងបោសសំអាតមីននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលគម្រោងទាំងពីរនេះមានថវិកាចំនួន ៨៩,០៧៧ដុល្លារ សម្រាប់រយ:ពេល ៣ខែ៕
ដោយ៖ មឿន ឌីណា (Mouen Dyna)