Register Already an agent ? Login

លោក ឃួង ស្រេង៖ នៅឆ្នាំ២០២២ នៅភ្នំពេញ មានសំណង់បុរីនិងផ្ទះល្វែងជាង ៣០០កន្លែង អគារខ្ពស់ៗជាង ១៦០០អគារ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានអញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ឱ្យ​ដំណើរ​ការសាងសង់​លក់លំនៅដ្ឋាន និង​ដីឡូតិ៍តាមោក​ស៊ីធី​លែន បានថ្លែងឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង ៣១០កន្លែង អគារខ្ពស់ៗជាង ១,៦០៣អគារ និងមានគម្រោងសង់ថ្មីជាង ១,០០០គម្រោង ដែលគិតជាទឹកប្រាក់សរុប មានតម្លៃចំនួនជាង ២,២៦ពាន់លានដុល្លារ។

លោក ឃួង ស្រេង ថ្លែងនៅពិធីខាងលើដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅ​ភូមិ​កប់ស្រូវធំ សង្កាត់​គោករកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បានបន្តថា ក្នុងនោះអគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅមានចំនួន ២២៥អគារ។ លោក បានរម្លឹកថា កាលពីឆ្នាំ២០២១ កន្លងទៅកម្ពុជាទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជនចំនួន ១,០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣លានម៉ែត្រក្រឡា។

លោក ឃួង ស្រេង បានថ្លែងបន្តទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា នឹងបន្តងើបឡើងវិញនាបណ្ដាឆ្នាំខាងមុខយ៉ាងឆាប់រហ័សស្របតាមការកើនឡើងនូវតម្រូវការសកលនិងទំនុកចិត្តរបស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ។ លោក បញ្ជាក់ «ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារសំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅរួម និងខុនដូទំនើបៗជាដើម»។

លោក អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការបណ្តាក់ទុនវិនិយោគក្នុងវិស័យមួយនេះនៅរាជធានីភ្នំពេញ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគ​ជ័យថ្មីមួយទៀតនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការខិតខំទាក់ទាញការវិនិយោគទាំងក្នុងនិងក្រៅប្រទេស។

លោក បានថ្លែងបញ្ជាក់ទៀតថា ជាពិសេសគឺការខិតខំបង្កើនជំនឿជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បីបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ចបង្កើតការងារកាត់បន្ថយភាពក្រីក និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងពិធីនោះ នាយិកាគម្រោង តាមោកស៊ីធឺលែន លោកស្រី អ៊ាន អេឡែន បានថ្លែងឱ្យដឹងថា គម្រោងនេះ មានផ្ទៃដីចំនួន ៤៤ហិកតា ជាប់ផ្លូវ ៦០ម៉ែត្រ និងមហាវិថីឈ្នះឈ្នះ មានចំងាយពីស្ពានព្រែកព្នៅ ៤គីឡូម៉ែត្រ។ លោក ស្រីបានបន្តថា គម្រោងនេះ ត្រូវបានចាប់ផ្ដើមដំណើរការសាងសង់ និងលក់ជូនអតិថិជនហើយ ជាទីតាំងដែលមានសក្តានុពលខ្ពស់ ធំទូលាយបរិយាកាសល្អងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ។

ការបើកដំណើរការសាងសង់គម្រោងនេះ គឺក្នុងគោលបំណងដើម្បីរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាននេះឱ្យកាន់តែរីកចម្រើន ក៏ដូចជា រួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែសម្បូរបែប ស្របពេលដែលកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលមានសុខសន្តិភាពពេញលេញទាំងនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បើតាមការលើកឡើងរបស់ លោក អ៊ាន អេឡែន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)