Register Already an agent ? Login

រដ្ឋាភិបាល គ្រោងចំណាយ ១១០លានដុល្លារ ពង្រីកផ្លូវជាតិលេខ៤ ពី៧ ទៅ១០ម៉ែត្រវិញ ប្រវែងជាង ២០០គីឡូម៉ែត្រ

ភ្នំពេញ៖ ផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ មានប្រវែងជាង ២០០គីឡូម៉ែត្រ នឹងត្រូវពង្រីកពី ៧ម៉ែត្រ ទៅ១០ម៉ែត្រវិញ និងក្រាលកៅស៊ូ AC គ្រោងចំណាយ ១១០លានដុល្លារ ដែលរដ្ឋាភិបាលទទួលបានកម្ចីសម្បទាន ពីធនាគារពិភព។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្ដើមពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលនិងបញ្ចប់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេលនៃការងារស្ថាបនាពង្រីក និងជួសជុលថែទាំផ្លូវជាតិលេខ៤នេះ ចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៦។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ ស្ដីពីគម្រោងស្តារនិងស្ថាបនាផ្លូវជាតិលេខ៤ ឡើងវិញ នឹងត្រូវប្រើពេលប្រមាណ៥ឆ្នាំ ក្នុងការពង្រីកផ្លូវកៅស៊ូមួយនេះឱ្យក្លាយជាផ្លូវដែលមានភាពងាយស្រួលទាំងការដឹកជញ្ជូននិងការធ្វើដំណើររបស់សាធារណជន។ តាមបណ្តោយផ្លូវ នឹងត្រូវពង្រីកស្ពានបេតុង និងលូចំនួន ៤៦ទីតាំង រួមទាំងធ្វើស្ពានថ្មី ៨ទីតាំង​ ថែមទៀតផងដែរ។​

ផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ មានប្រវែងជាង ២០០គីឡូម៉ែត្រ ស្ថានភាពជាក់ស្តែងនៃផ្លូវជាតិនេះ បច្ចុប្បន្នមានទំហំតូច និងមានចំណុចខ្លះត្រូវរងការខូចខាតដោយការដឹកលើសចំណុះរបស់រថយន្តធុនធំនិងទឹកហូរកាត់ផ្លូវនៅរដូវវស្សា។ ផ្លូវជាតិ​លេខ​៤ បច្ចុប្បន្ន​កំពុង​តែ​មានការ​ធ្វើ​ចរាចរណ៍​រាល់ថ្ងៃ​ដែល​ធ្វើ​ឱ្យ​មានការ​កកស្ទះ ហើយ​មិនតែប៉ុណ្ណោះ​ក៏​មានការ​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​នា​ពេល​កន្លង​ទៅ​នេះ។ បើតាមការជូនដំណឹងដដែលរបស់ក្រសួងដឹកជញ្ជូន។

សូមបញ្ជាក់ថា ក្រុមហ៊ុនម៉ៅការទទួលការសាងសង់រួមមាន៖ ក្រុមហ៊ុន Sinohydro Corporation Limited ក្រុមហ៊ុន China Railway International Group Co., Ltd ក្រុមហ៊ុនGUMKANG Construction Co., Ltd និងក្រុមហ៊ុនមួយចំនួន​ទៀត កំពុងធ្វើនីតិវិធី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)