Register Already an agent ? Login

ជប៉ុនផ្ដល់ជំនួយឥតសំណងជាង ១លានដុល្លារ កសាងសមត្ថភាពយុវជន និងការលើកកម្ពស់សុខភាពសហគមន៍

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ១,០៩៣,៨១៨ដុល្លារ ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីការកសាងសមត្ថភាពយុវជន និងការលើកកម្ពស់សុខភាពសហគមន៍ និងអនាម័យ។

ជំនួយឥតសំណងខាងលើ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន និងអ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។

ក្នុងនោះ ថវិកាចំនួន ៤៤៥,៩៩៤ដុល្លារ ត្រូវបានផ្តល់ទៅអង្គការកុមារឥតព្រំដែន (KnK) ដើម្បីអនុវត្ត «គម្រោងកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី៣)»។ និងថវិកាចំនួន ៦៤៧,៨២៤ដុល្លារ ទៀតត្រូវបានផ្តល់ទៅអង្គការ World Vision Japan (WVJ) ដើម្បីអនុវត្ត «គម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តព្រះវិហារ (ឆ្នាំទី៣)»។

នៅក្នុងពិធីខាងលើ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានមានប្រសាសន៍ថា ទោះបីជាគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជាការកែលម្អកំពង់ផែក្រុងព្រះសីហនុ ផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទានយេនសម្រាប់ការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ជារឿយៗត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយនានា រដ្ឋាភិបាលជប៉ុនចាត់ទុកថាការធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលជប៉ុន និងអាជ្ញាធរមូលដ្ឋានកម្ពុជាមានសារៈសំខាន់ស្មើគ្នា នៅក្នុងការចូលរួមចំណែកក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ។

ជំនួយឥតសំណងនេះដែរ បើតាមទំព័រហ្វេសប៊ុក លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ លោក បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា ផ្ដល់ជំនួយឥតសំណង​សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ​ (មូលនិធិ KUSANONE)​ របស់រាជរដ្ឋាភិបាល​ជប៉ុន​ ដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ​​ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

លោក បានឱ្យដឹងបន្តថា គម្រោងនេះមានហិរញ្ញប្បទានចំនួន ២៦៣,៧៦០ដុល្លារ សម្រាប់ទិញសម្ភារៈចំនួន ១៧មុខ រួមមាន៖ ម៉ាស៊ីនដាក់ថ្នាំសណ្តំ១, ម៉ាស៊ីនជំនួយដង្ហើមទារក២, ម៉ាស៊ីនថតកាំរស្មី X ចល័ត១, ម៉ាស៊ីនថតកាំរស្មី X ឌីជីថលទំនើប២, អំពូលវះកាត់ចល័ត៣, អំពូលវះកាត់តាមដាន១, ម៉ាស៊ីនតាមដានសញ្ញាជីវិត៦, ម៉ាស៊ីនវះកាត់ដោយដុត២, ម៉ាស៊ីនវះកាត់សម្រាលកូន២, ម៉ាស៊ីនវះកាត់ទូទៅ២, ម៉ាស៊ីនបូមស្លេស្ម៥, គ្រែសម្រាប់វះកាត់២, សម្ភារៈឆ្លុះបំពង់ក៤, ម៉ាស៊ីនតាមដានម្តាយនិងទារកមុនពេលវះកាត់១ និងម៉ាស៊ីនពិនិត្យផ្ទៃពោះ១។

លោក រដ្ឋមន្រ្តីបានបញ្ជាក់ថា តាមរយៈគម្រោងនេះ​ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ​ នឹងវិវត្តខ្លួនពីមន្ទីរពេទ្យកម្រិតមួយ​ មកជាមន្ទីរពេទ្យកម្រិតពីរ​ ដែលមានសមត្ថភាពផ្តល់សេវាវះកាត់បន្ទាន់ជូនប្រជាជនស្រុកក្រូចឆ្មារនិងស្រុកជុំវិញផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)