ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំកែប្រែមុខមាត់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ស្ទឹងមានជ័យ ឱ្យក្លាយជាសហគមន៍រស់នៅគំរូ មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយជាងមុន រួមាន៖ លំហសាធារណៈ លំហប្រើប្រាស់រួម មជ្ឈមណ្ឌលសហគមន៍ ផ្លូវថ្មើរជើង កន្លែងហាត់ប្រាណ សួន ការដាំដើមឈើ និងរុក្ខជាតិបៃតងជាដើម។
គម្រោងប្ដូរមុខមាត់តំបន់ស្ទឹងមានជ័យ មានទាំងការកែប្រែទម្រង់ខាងមុខ និងការរៀបចំប្លង់ផ្ទះដែលគ្មានសណ្ដាប់ធ្នាប់ឡើងវិញផងដែរ ដើម្បីបង្កើនសោភ័ណភាពក្រុង។ គម្រោងនេះ ជាជំនួយពីសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) សាលាក្រុងប៉ារីស និងសហភាពអឺរ៉ុប (EU) ដែលស្ថិតក្នុងគម្រោងរៀបចំផែនការនគររូបនីយកម្ម និងការគ្រប់គ្រងដីធ្លីដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ។
គូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានដាក់ចេញនូវផែនទីយុទ្ធសាស្ត្របង្ហាញផ្លូវធំៗ ៥ចំណុច ដើម្បីអនុវត្ត ក្នុងទិសដៅប្រែក្លាយរាជធានីភ្នំពេញទៅជាទីក្រុងឆ្លាតវៃ ឬ Smart City ផងដែរ។ យុទ្ធសាស្ត្រទី ៥រួមមាន៖ ការធ្វើទំនើបកម្មប្លង់ប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធសុវត្ថិភាព និងសន្តិសុខឡើងវិញ ការពង្រឹងសេវាដឹកជញ្ជូនក្នុងទីក្រុង ការថែទាំបរិស្ថាន និងការគ្រប់គ្រងបែបឌីជីថល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)