កណ្ដាល៖ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ កំពុងសាងសង់ ផ្លូវបេតុង ៣ខ្សែ និងផ្លូវក្រាលល្បាយថ្មភ្នំ ១ខ្សែ ប្រវែងជិត ៦ពាន់ម៉ែត្រ ក្នុងស្រុកខ្សាច់កណ្ដាល ហើយនិងរៀបថ្មសំណាញ់ការពារតាមជើងទេរផ្លូវប្រវែង ២,០០០ម៉ែត្រ ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល។ នេះបើតាមក្រសួងអភិវឌ្ឍន៍ជនបទ។
ក្រសួងបានឱ្យដឹងថា អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារទាំង៣ ខាងលើកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។
ក្រសួងបានបន្តថា គម្រោងទាំង៣ រួមមាន៖
-គម្រោងទី១៖ ការងាររៀបថ្មសំណាញ់ការពារតាមជើងទេរផ្លូវប្រវែង ២,០០០ម៉ែត្រ ស្ថិតនៅភូមិព្រែកឬស្សី ឃុំព្រែកឬស្សី និងភូមិសំបូរ ស្រុកល្វាឯម ខេត្តកណ្ដាល។
-គម្រោងទី២៖ ការងារស្ថាបនាផ្លូលក្រាលបេតុងចំនួន ៣ខ្សែ ប្រវែងសរុប ១,៦១៣ម៉ែត្រ នៅភូមិស៊ីធរកើត ឃុំស៊ីធរ ភូមិសេដា ឃុំវិហារសួគ៌ និងភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
-គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំ ១ខ្សែ ប្រវែង ៤,៣២០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ និងស្ពានបេតុង ១កន្លែង ប្រវែង ១៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថាបនាលូដោះទឹកគ្រប់ប្រភេទ ចំនួន ១៣កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិតាគាត់កើត ទៅភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)