Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី សម្រេចបាន ៣២ភាគរយ

កណ្ដាល៖ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា វឌ្ឍនភាព គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី សម្រេចបាន ៣២ភាគរយ។ ជាមួយគ្នា សម្រាប់ការចំណាយវិញអស់ប្រមាណ ៤១៤លានដុល្លារ។

បើតាមក្រុមហ៊ុនខាងលើបានបន្តថា ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការជន់លិចក្នុងរដូវវស្សាកន្លងមក បានបង្ករអាក់រអួលក្នុងការសាងសង់ក៏ដោយ គម្រោងនៅតែបន្តដោយរលូន ខណៈដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣។

អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ គឺជាគម្រោងវិនិយោគដ៏ធំមួយដែលមានតម្លៃជាង ១,៥ពាន់លានដុល្លារអាមេរិក និងលាតសន្ធឹងលើផ្ទៃដី ២,៦០០ហិកតា នៅខេត្តកណ្តាល។ គម្រោងនេះ រចនាសាងសង់ប្រតិបត្តិការ និងគ្រប់គ្រង ដោយក្រុមងហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC។

ក្រុមហ៊ុន CAIC បានកំពុងស្នើសុំកែសម្រួលគន្លងផ្លូវថ្មី តភ្ជាប់មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទៅនឹងគម្រោងផ្លូវចូលអាកាសយានដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ។ កន្លងមកក្រុមហ៊ុនបានដាក់សំណើរ ទៅកាន់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល ដើម្បីសុំអនុញ្ញាតគោលការណ៍កែសម្រួល គន្លងផ្លូវតភ្ជាប់ជាមួយមហាវិថីសម្តេចតេជោ ហ៊ុន សែន ភ្ជាប់ទៅនឹងគម្រោងផ្លូវចូលអាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងខ្មៅ។

កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធា​នក្រុមការងារស្ថាបនា ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាករណីសំណើរបស់ក្រុមហ៊ុនខាងលើនេះ។ យ៉ាងណាក្ដី កិច្ចប្រជុំមិនបានបង្ហាញលទ្ធផលអ្វីនៅឡើយទេ។

ផ្លូវមួយខ្សែនេះ មានទទឹងរហូតដល់ ៦០ម៉ែត្រ និងប្រវែងជាង ១០គីឡូ​ម៉ែត្រ ដែលសាងសង់ចេញពីព្រលានយន្តអន្តរជាតិភ្នំពេញ នៅខេត្តកណ្ដា​ល តភ្ជាប់មកផ្លូវក្រវាត់ក្រុងមកតំបន់ប្រជុំជន ក្នុងរាជធានីភ្នំពេញ។ ផ្លូវមួយខ្សែនេះសំខាន់ណាស់ ព្រោះជាខ្សែផ្លូវមេក្នុងគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន របស់គម្រោងព្រលានយន្តហោះភ្នំពេញថ្មី ដែលគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣។

បើតាមការប្រកាសរបស់ក្រុមហ៊ុន CAIC កាលពីដើមឆ្នាំ ផ្លូវតភ្ជាប់ព្រលានទៅ ផ្លូវ៦០ម៉ែត្រនេះ កំពុងសិក្សានិងអនុវត្តដោយក្រុមហ៊ុន CHIC ដែលរួមមាន ផ្លូវប្រវែង ១១.៧គីឡូម៉ែត្រ និងស្ពានបេតុងចំនួន២ ឆ្លងកាត់ស្ទឹងព្រែកត្នោត។ ផ្លូវនេះ នឹងជួយសម្រួលការធ្វើដំណើរទៅព្រលានយន្តហោះឱ្យងាយស្រួលជាងមុន។

ជាក់ស្ដែង ក្រុមហ៊ុន OCIC ក៏ធ្លាប់បានបង្ហាញផែនការចង់ធ្វើផ្លូវល្បឿនលឿនលើអាកាសភ្ជាប់ពីភ្នំពេញទៅព្រលានផងដែរ ដោយមាន២ កំណាត់ គឺកំណាត់ផ្លូវ ៦០ម៉ែត្រដល់ផ្លូវជាតិលេខ២ ប្រវែង១០គីឡូម៉ែត្រ និងកំណាត់ផ្លូវជាតិលេខ២ ដល់ព្រលាន ប្រវែង ១១គីឡូម៉ែត្រ។

បើយោងតាម លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គម្រោងផ្លូវល្បឿនលឿនលើអាកាសនេះអាចនឹងត្រូវពន្យារសិន ឬសង់ពេលក្រោម ដោយក្រុមហ៊ុននឹងសង់ជាផ្លូវធម្មតាជំនួសវិញ តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅកាន់ព្រលានភ្នំពេញថ្មី។

គួសបញ្ជាក់ថា គម្រោងនេះកំពុងប្រើប្រាស់កម្លាំងពលកម្មសរុប ៣៧៤០នាក់ ដោយមានពលកម្មក្នុងស្រុកចំនួន ៣១២៥នាក់ និងបរទេស ៦១៥នាក់។ ជាមួយនឹងគម្រោងនេះទៀតសោត ក្រុមហ៊ុនក៏បាន និងកំពុងបណ្ដុះបណ្ដាលធនធានមនុស្សរាប់ពាន់អ្នក លើផ្នែកជាច្រើនទាក់ទិននឹងវិស័យសំណង់ ដែលពួកគេនឹងក្លាយជាធនធានមានមនុស្សគុណភាពនៅពេលអនាគត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)