Register Already an agent ? Login

កម្ពុជា ទទួលទឹកប្រាក់ឥតសំណងពីជប៉ុន ៣,៤២១លានយ៉េន មកពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ

កណ្ដាល៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣,៤២១លានយ៉េន (ប្រមាណ៣០លានដុល្លារ) តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ ដែលមានសមត្ថភាពផលិតទឹកស្អាត ៣០,០០០ម៣/ថ្ងៃ ដើម្បីផ្គត់ផ្គង់ និងបំពេញសេចក្តីត្រូវការប្រើប្រាស់ទឹកនៅភាគខាងត្បូង និងខាងលិចនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ជំនួយឥតសំណងនេះ ត្រូវបានចុះហត្ថលេខាប្រគល់និងទទួលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ដោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាមួយក្រុមហ៊ុនជប៉ុន KKKCT Consortium ដែលជាកិច្ចសន្យាគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ។

នៅក្នុងពិធីនេះ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានមានប្រសាសន៍ថា គម្រោងរោងចក្រទឹកស្អាតក្រុងតាខ្មៅនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្រុងតាខ្មៅទាំងមូល និងជាយក្រុងតាខ្មៅ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ព្រមទាំងជំរុញឱ្យប្រជាពលក្រីក្រ នៅក្រុងតាខ្មៅ មានលទ្ធភាពតបណ្តាញទឹកស្អាតទៅប្រើប្រាស់។

គម្រោងរោងចក្រថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងសហការជាមួយក្រុមហ៊ុន KKKCT Consortium ទាំងដំណើរការសាងសង់ និងផ្គត់ផ្គង់ទឹករហូតដល់១០ឆ្នាំ មុននឹងប្រគល់រោងចក្រទាំងស្រុងឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ បើតាមការបន្តរបស់ លោក ឡុង ណារ៉ូ បានបន្ថែមថា ពោលគឺក្រោយពេលបញ្ចប់ដំណើរការសាងសង់ ក្រុមហ៊ុន KKKCT Consortium ត្រូវដំណើរការផលិតទឹកស្អាត និងលក់ដុំជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងតម្លៃមិនលើសពី ៥០០រៀល ក្នុងមួយម៉ែត្រគូប សម្រាប់រយៈពេលរយៈ ១០ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៤ បន្ទាប់មកនឹងប្រគល់រោងចក្រឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមកគ្រប់គ្រងវិញ។

លោក ឡុង ណារ៉ូ បានលើកឡើងថា ក្រៅតែពីជំនួយឥតសំណងរបស់ជប៉ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចំណាយថវិកាបន្ថែមប្រមាណ ១០លានដុល្លារទៀត ដើម្បីពង្រីកបណ្តាញមេនាំទឹក និងបណ្តាញចែកចាយទឹកផងដែរ។ គម្រោងរោងចក្រទឹកស្អាតក្រុងតាខ្មៅ នឹងចាប់ផ្តើមដំណើរការសាងសង់នៅខែមិថុនា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤។

លោក អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានអញ្ជើញជាធិបតីក្នុងពិធីចុះហត្ថលេខានេះ បានមានប្រសាសន៍ថា គម្រោងពង្រីកទឹកស្អាតក្រុងតាខ្មៅ គឺជាគម្រោងអាទិភាពមួយ ក្នុងចំណោមគម្រោងអទិភាពទាំងអស់ ដែលទទួលបានហិរញ្ញប្បទានឥតសំណង ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA ក្នុងរូបភាពជា Specail Purpose Campany។

ផ្អែកលើលទ្ធផលនៃសិក្សា ការងារសំខាន់ៗនៃគម្រោងនេះ រួមមានការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតសមត្ថភាពផលិត ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ការសាងសង់ស្ថានីយបូមទឹកឆៅសមត្ថភាព ៣១៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ការដាក់បំពង់នាំមេទឹកពីស្ថានីយបូមទឹកឆៅ ទៅរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ការសាង់សង់អាងស្តុកទឹកស្អាត ចំណុះ៥ពាន់ម៉ែត្រគូប និងការបំពាក់ម៉ូទ័របូមទឹកស្អាតចែកចាយ។ បើតាមការលើកឡើងបន្តរបស់ លោក អ៊ុ សុថា។

លោក អ៊ុ សុថា បានលើកឡើងបន្ថែមថា គម្រោងនេះ ពិតជាដំណើរការប្រកបដោយជោគជ័យ ទៅតាមកម្មវិធីដែលបានកំណត់ និងចូលរួមចំណែកបញ្ចប់ជាស្ថាពរនូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅចាប់ពីឆ្នាំ២០២៤តទៅ ជាពិសេសនៅក្រោយពេលរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់ខែងជំហានទី១ ត្រូវបានដាក់ឱ្យដំណើរការ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)