ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ត្រៀមផ្ទៃដីទំហំប្រមាណ ៣៦ហិកតា នៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប សម្រាប់ធ្វើជាទីលានចាក់សំរាម ដើម្បីគ្រប់គ្រងសំរាមឱ្យមានសណ្តាប់ធ្នាប់លើកកម្ពស់អនាម័យ។
អភិបាលស្រុកឆែប លោក សុក សាន្តតារា បានមានប្រសាសន៍ថា ការត្រៀមដីទំហំធំនេះ សម្រាប់ចាក់សំរាមនាពេលបច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគតផង។ លោក បានបន្តថា ស្របតាមបច្ចេកទេសព្រោះធំកាលណាល្អកាលហ្នឹង ដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ ព្រោះឥឡូវនេះការទុកដាក់សំរាមអនាធិបតេយ្យសំរាមរាយប៉ាយពេញ និងចាក់ពាសវាលពាសកាលវាបាត់សោភណភាពនៅស្រុក ធ្វើឱ្យខូចបរិស្ថាន។
លោក បានមានប្រសាសន៍បន្តថា នៅថ្ងៃអនាគតកំណើនប្រជាពលរដ្ឋនៅទីប្រជុំជនកាន់តែច្រើន ហើយវាច្បាស់ជាមានបញ្ហាលើការគ្រប់គ្រងសំរាម ប្រសិនបើស្រុកមិនបានរៀបចំផែនការគ្រោងទុក។ លោក បញ្ជាក់ថា ទីលានចាក់សំរាមថ្មីនេះសម្រាប់បម្រើឱ្យតែនៅស្រុកឆែបប៉ុណ្ណោះ ខណៈមានពលរដ្ឋរស់នៅជាង ២៥,០០០នាក់។
ទីលានចាក់សំរាមចាស់គឺស្ថិតនៅក្បែរគម្រោងទីលានចាក់សំរាមថ្មី ប៉ុន្តែមានទំហំតូច មិនទាន់ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ បើតាមការបន្ថែមរបស់ លោក សុក សាន្តតារា បានអំពាវនាវឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាននូវបរិស្ថានស្អាត និងធ្វើឱ្យពលរដ្ឋក្នុងមូលដ្ឋានរស់នៅប្រកបដោយផាសុកភាពខ្ពស់៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ដោយ៖ មឿន ឌីណា (Moeun Dyna)