កំពត៖ នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារចម្រុះមកពីក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពត អាជ្ញាធរដែនដី និងមន្ទីរជំនាញចុះពិនិត្យលើគម្រោងសំណើសុំវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចមានផ្ទៃដីក្រោម ១០ ហិកតា ចំនួន ១៦គម្រោង នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោក្នុងភូមិសាស្ត្រសង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។
ទេសចរណ៍ធម្មជាតិ ជាចលករមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានព្រោះបានបង្កើតការងារ ផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ បើតាមការថ្លែងរបស់ លោក នេត្រ ភក្ត្រា នាពេលចុះពិនិត្យទីតាំងវិយោគខាងលើ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានបន្តថា ក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមស្គាល់ច្បាស់ពៅតម្លៃនៃទេសចរណ៍ធម្មជាតិ និងបានដើរកម្សាន្តនៅតាមតំបន់ការពារធម្មជាតិនានា។
លោក នេត្រ ភក្ត្រា បានថ្លងបន្តទៀតថា ជាមួយនឹងការដើរទស្សនាកមក្សាន្ត និងការស្នាក់នៅ ភ្លក់មុខម្ហូបរបស់ប្រជាសហគមន៍ ភ្ញៀវទេសចរបានចូលរួមផ្សព្វផ្សាយនូវទេសភាពដ៏ស្រស់ស្អាតនៃតំបន់ការពារធម្មជាតិដល់ប្រជាពលរដ្ឋផ្សេងទៀត ជាការទាក់ទាញការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋផ្សេងទៀតឱ្យធ្វើដំណើរកម្សាន្ត។
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានដដែលបាន លើកឡើងថា ដោយសារតែកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ កម្ពុជាមានឱកាសពេញលេញក្នុងការការពារនិងអភិរក្សតំបន់ការពារធម្មជាតិ ហើយបច្ចុប្បន្នកាន់តែមានភាពល្អប្រសើរ និងជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាបានស្គាល់កាន់តែច្បាស់នូវសក្តានុពលរបា់ប្រទេសខ្លួន និងបានស្គាល់នូវតំបន់នានាដែលមានទេសភាពល្អស្អាតជាទីទាក់ទាញ។
ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជារមណីយដ្ឋានធម្មជាតិមួយដ៏មានសក្តានុពល និងបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាកម្សាន្ត។ បើតាមការថ្លែងបញ្ជាក់ មន្រ្តីជាន់ខ្ពស់ដដែល លោក នេត្រ ភក្ត្រា បានលើកឡើងនន្ថែមថា ជាមួយការចូល រួមពីវិស័យឯកជនក្នុងការការពារនិងអភិរក្សធនធានធម្មជាតិតាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ខេត្តកំពតដែលមួយផ្នែកគ្របដណ្តប់ដោយផ្ទៃដីឧទ្យានជាតិ នឹងមានការរីករាយកាន់តែមានភាពទាក់ទាញ និងជាទិសដៅទេសចរណ៍ប៉ែកសមុទ្រមួយយ៉ាងសំខាន់បំផុត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)