Register Already an agent ? Login

សម្តេចតេជោ បានសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ មានតម្លៃប្រមាណ ៥០លានដុល្លារ

ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បាន​អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ជូនចំពោះរដ្ឋាភិបាលកម្ពុជា ដែលមានតម្លៃប្រមាណ ៥០លានដុល្លា។ ជាមួយគ្នា ក៏បានសម្ពោធព្រមគ្នាផងនៅអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ មានកំពស់ ២៤ម៉ែត្រ ចែកចេញជា៥ជាន់ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះ បានចំណាយទឹកប្រាក់ជិត ៥០លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។

មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យចំនួន ៥ជាន់ អគារសម្ភព រោគស្រី និងកុមារចំនួន ៥ជាន់ អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត ១ជាន់។

មានបំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន ៣០០គ្រែ រួមទាំងមានទទួលព្យាបាលវះកាត់ ពិគ្រោះយោបល់ជំងឺទូទៅ ដែលមានក្រុមគ្រូពេទ្យជំនាញប្រមាណ ៤០០នាក់ ដែលជាមន្ទីរពេទ្យប្រចាំតំបន់ភូមិភាគ គ្រប់ដណ្តប់ប្រជាជនមួយចំនួននៃខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី។

មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មានផ្តល់សេវាពិនិត្យ និងព្យាបាលលើជំងឺទូទៅ ជំងឺកុមារ ជំងឺឆ្លង ពិគ្រោះជំងឺក្រៅ ប្រពោធនកម្ម (ICU) សង្គ្រោះបន្ទាន់ វះកាត់ រោគស្ត្រី និងសម្រាលកូន រូបភាពវេជ្ជសាស្ត្រ និង Endoscopy មន្ទីរពិសោធន៍ ឱសថស្ថាន បន្ទប់រំងាប់មេរោគ ប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាពបន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព ហើយមន្ទីរពេទ្យនេះ ក៏អាចពិគ្រោះជំងឺក្នុងមួយថ្ងៃបាន ៦០០នាក់។

សូមរម្លឹកថា មន្ទីរពេទ្យនេះបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយចំណាយថវិកាអស់ប្រមាណ៥០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

នៅថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន ក៏បានសម្ពោធ ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ សាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំ។

សាលារៀននេះ សាងសង់ក្នុងទឹកប្រាក់ប្រមាណ ១,៣៥០,០០០ដុល្លា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន។

សាលរៀននេះ ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ មានផ្ទៃដីសរុបចំនួន ៥៣,៩១០ម៉ែត្រក្រឡា ដោយចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២០។

ដោយវិបត្តិកូវីដ-១៩ ពិធីសម្រោធជាផ្លូវការត្រូវបានអូសបន្លាយរហូតមកដល់ពេលថ្ងៃទី៧ ​ខែមីនានេះ តែក៏បានដាក់ឱ្យដំណើរការសិក្សាជាបណ្តោះអាសន្ន ទាំងថ្នាក់បឋមសិក្សា និងថ្នាក់វិទ្យាល័យ ដោយមានអគារសិក្សាចំនួន ២ខ្នង កំពស់៣ជាន់ មាន ៣៦បន្ទប់ អគារទីចាត់ការចំនួន ២ខ្នង ១០បន្ទប់ អគារស្នាក់នៅគ្រូបង្រៀន ២ខ្នង ៤០បន្ទប់ មាន សិស្សានុសិស្ស ៥៥៧នាក់ និងគ្រូបង្រៀនសរុប ១៨នាក់។ សាលារៀននេះ មានបន្ថែមនូវតារាងបាល់ទាត់ កន្លែងកុមារលេង ដាំផ្កាលម្អ ព្រមទាំងដាំដើមឈើ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)