ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ២១ ប្រវែងសរុប ៦៣,៦គីឡូម៉ែត្រ (ក្រុងតាខ្មៅ-ជ្រៃធំ ព្រំដែនកម្ពុជា-វៀតណាម) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងបានបន្តថា លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវជាតិលេខ២១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកសមាជិកាគណៈកម្មការត្រៀមរៀបចំ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាមួយចំនួនដែលគណៈកម្មការ និងអនុគណៈកម្មការនីមួយៗបានជួបប្រទះអំឡុងពេលអនុវត្តការងារ។
សូមរម្លឹកថា ផ្លូវជាតិលេខ២១ មានប្រវែងសរុប ៦៣.៦គីឡូម៉ែត្រ ពីក្រុងតាខ្មៅដល់ជ្រៃធំ (ព្រំដែនកម្ពុជា-វៀតណាម) សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin E&C Co., Ltd. និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនអន្តរជាតិកូរ៉េ DASAN Consultants Co., Ltd.។
តាមរយៈកិច្ចខិតខំប្រឹងប្រែងពីសំណាក់ លោក ស៊ុន ចាន់ថុល កំណាត់ផ្លូវនេះត្រូវបានគិតគូរយកចិត្តទុក ដាក់ខ្ពស់ចាប់តាំងពីការចាប់ផ្តើមសាងសង់រហូតដល់ការបញ្ចប់ការងារសាងសង់ជាស្ថាពរ ក្នុងនោះរួម មាន៖ ការចុះពិនិត្យតាមដានលក្ខណៈបច្ចេកទេសនៃការសាងសង់ ដឹកនាំដោយ លោក រដ្ឋមន្ត្រីផ្ទាល់ និងការដំឡើងជញ្ជីងថ្លឹងយានយន្តការពារការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ស្របតាមបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដើម្បីថែរក្សាកំណាត់ផ្លូវនេះឱ្យបានរឹងមាំ មានអាយុកាលអាចប្រើប្រាស់បានយូរអង្វែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)