Register Already an agent ? Login

ឥណ្ឌា គ្រោងភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានថ្លែងបញ្ជាក់នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថា រដ្ឋាភិបាលឥណ្ឌា មានគោលបំណងចង់ឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ ដើម្បីជួយជំរុញអ្នកទេសចរ និងវិនិយោគឥណ្ឌាមកកាន់ខេត្តព្រះសីហនុ។

នៅក្នុងជំនួបខាងលើដែលធ្វើឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ លោក ស្រី Devyani Uttam Khobragade បានមានប្រសាសន៍បន្តថា ភាគីខាងឥណ្ឌា ចង់ចងសម្ព័ន្ធមេត្រីភាពទីក្រុងបងប្អូន(Sister City) រវាងខេត្តព្រះសីហនុ និងខេត្ត Maharashtra នៃរដ្ឋ Mumbai ប្រទេសឥណ្ឌាផងដែរ។

លោក ស្រី ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍បន្តទៀតថា ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា មានគម្រោងហិរញ្ញប្បទានលើទឹកប្រាក់ចំនួន ៥០,០០០ដុល្លារ លើការសាងសង់បន្ទប់ទឹកដោយប្រើប្រាស់ប្រព័ន្ធសូឡា។

លោក គួច ចំរើន បានថ្លែងអំណរគុណ និងគាំទ្រនូវគម្រោងរបស់លោកស្រីឯកអគ្គរដ្ឋទូត ដោយ លោក នឹងចាត់ក្រុមការងាររបស់រដ្ឋបាលខេត្ត ចូលរួមសហការជាមួយស្ថានទូតសាធារដ្ឋឥណ្ឌាដើម្បីបំពេញកិច្ចការខាងលើឱ្យបានជោគជ័យ។ ជាមួយគ្នានេះ លោក អភិបាលខេត្ត ក៏បានសំនូមពរដល់ អគ្គរដ្ឋទូតឥណ្ឌាជួយជម្រុញក្រុមហ៊ុនផលិតឱសថរបស់ឥណ្ឌា ឱ្យមកបណ្តាក់ទុនវិនិយោគដោយបង្កើតរោងចក្រផលិតឱសថព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុផងដែរ។

នាឱកាសនោះ លោក គួច ចំរើន បានជម្រាបជូន ឯកអគ្គរដ្ឋទូតឥណ្ឌា ពីសក្តានុពលខេត្តព្រះសីហនុ ដែលត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតី ដោយប្រើប្រាស់សក្តានុពលពីធម្មជាតិបង្កើនកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនោះ រាជរដ្ឋាភិបាល បានអភិវឌ្ឍនិងវិនិយោគនៅខេត្តព្រះសីហនុជាបន្តបន្ទាប់មានដូចជាកំពង់ផែសមុទ្រទឹកជ្រៅ។ ខេត្តព្រះសីហនុមានកោះ៣២ ឆ្នេរខ្សាច់ប្រវែង ១៧៥គីឡូម៉ែត្រ និងមានព្រៃកោងកាងតាមបណ្តោយឆ្នេរ ជាសក្តានុពលបម្រើឱ្យវិស័យទេសចរណ៍ និងការវិនិយោគ។

លោក អភិបាលខេត្តព្រះសីហនុ បានលើកឡើកបន្តថា ខេត្តមានអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រីកផ្លូវរត់ប្រវែង ៣,៣០០ម៉ែត្រ។ ខេត្តព្រះសីហនុ មានផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ នឹងបើកឱ្យដំណើរការនៅខែ៧ ឆ្នាំ២០២២ ខាងមុខនេះ។ លោក បានរម្លឹកថា កន្លងមកខេត្តព្រះសីហនុ ទទួលនាវាកងទ័ពជើងទឹកឥណ្ឌាចូលចតជាបន្តបន្ទាប់មានចំនួន ១១លើក ស្មើនឹង១៦គ្រឿង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)