ភ្នំពេញ៖ កម្ពុជា បានទទួលកញ្ចប់ហិរញ្ញប្បទានឥតសំណង ពីសហភាពអឺរ៉ុប ១៥៥លានអឺរ៉ុប (ប្រមាណ ១៧២លានដុល្លារ) សម្រាប់អនុវត្តកម្មវិធីណែនាំពហុឆ្នាំ២០២២ ជាដំណាក់កាលដំបូងឆ្នាំ២០២១-២០២៤ ដែលគណៈកម្មធិការអឺរ៉ុបបានអនុម័តកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។ បើតាមជុំនួបកិច្ចពិភាក្សារវាង លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា។
ជុំនួបកិច្ចពិភាក្សាខាងលើបានធ្វើឡើងកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានបន្តឱ្យដឹងថា កម្មវិធីណែនាំពហុឆ្នាំ២០២២ ជាឧបករណ៍រវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុត្តយុទ្ធសាស្រ្តរួមរបស់អឺរ៉ុប ស្ដីពីកិច្ចសហប្រតិត្តិការអភិវឌ្ឍន៍កម្ពុជា និងបានគ្រោងផ្ដល់ការគាំទ្រដល់វិស័យអាទិភាពសំខាន់ៗចំនួន ៣រួមាន៖
-កំណើនបៃតង និងការងារ (ចំនួន ៦២លានអឺរ៉ូ) -វិស័យអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ (ចំនួន ៤៨លានអឺរ៉ូ) -វិស័យអភិបាលកិច្ច (ចំនួន ៣៧លានអឺរ៉ូ)។
បើតាមកិច្ចជុំនួបដដែលបានបន្តឱ្យដឹងទៀតថា សហភាពអឺរ៉ុបក៏វបានត្រៀមធនធាន ៨លានអឺរ៉ូ សម្រាប់គាំទ្រដល់ការរឪបចំ និងអនុវត្តគម្រោង ឬសកម្មភាពនានា ក្នុងវិស័យអាទិភាពទាំង៣។ ដោយឡែក សម្រាប់កាតអនុវត្តនៅដំណាក់កាលបន្ទាប់ឆ្នាំ២០២៥-២០២៧ និងការផ្ដល់ហិរញ្ញប្បទានបន្ថែម ដោយផ្អែកលើការវាយតម្លៃនៃការអនុវត្តឆ្នាំ២០២១-២០២៤។
ទន្ទឹមនេះ សម្រាប់ការផ្ដល់ហិរញ្ញប្បទាននៅដំណាក់កាលបន្ទាប់ លោក ឈៀង យ៉ាណារ៉ា ស្នើសហភាពអឺរ៉ុបពិនិត្យផ្ដល់ការគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាអទិភាពចម្បងមួយរនបស់រាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសនោះ លោកស្រី Carmen Moreno បានគូសបញ្ជាក់ថា ភាគីអឺរ៉ុបគ្រោងនឹងស្នើសុំរៀបចំកិច្ចប្រជុំរវាងក្រុមប្រឹកក្សាអភិវឌ្ឍន៍កម្ពុជា និងសហភាពអឺរ៉ុបរួមទាំងប្រទេសជាសមាជិកក្នុងកំឡុងខែមេសាខាងមុខ ដើម្បីពិនិត្យលើយុទ្ធសាស្រ្តរួមរបស់អឺរ៉ុប ស្ដីពីកិច្ចសហប្រតិបត្តិការអភោវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧៕
ដោយ៖ មឿន ឌីណា (Moeun Dyna)