Register Already an agent ? Login

កម្ពុជា ទទួលបានជំនួយឥតសំណងពីជប៉ុនទឹកប្រាក់ ៤១លានដុល្លារ សម្រាប់បោសសម្អាតមីន និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

កម្ពុជា ទទួលបានជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុនទឹកប្រាក់ ៤១លានដុល្លារ សម្រាប់គម្រោងធំៗ២ រួមមាន ការបោសសម្អាតមីន​និងសង្គ្រោះជនពិការដោយសារមីន​ និងការ​ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។ ជំនួយឥតសំណងនេះត្រូវបាន ចុះហត្ថលេខាប្រគល់និងទទួលដោយ លោក ប្រាក់​សុខ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ មាសាហ៊ីរ៉ូ អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា មុនពិធីចុះហត្ថលេខា ថា រដ្ឋាភិបាលជប៉ុនមានជំជឿ​ថា ការផ្ដល់ហិរញ្ញប្បទានឥតសំណងទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម​ ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរផងដែរ។

សម្រាប់ជំនួយឥតសំណងរបស់ជប៉ុននេះដែរ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាឱ្យដឹងថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៥២៧,១២២ដុល្លារ ក្រោមជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ សម្រាប់ការសាងសង់ស្ពានបេតុងពីរកន្លែងនៅក្នុងខេត្តកណ្តាល និងខេត្តក្រចេះ និងការស្តារប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តបន្ទាយមានជ័យ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គភាពទាំងបី បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ រដ្ឋាភិបាលជប៉ុន ជឿជាក់ថា បរិក្ខារទាំងនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍នៅកម្រិតមូលដ្ឋាន។

ដោយ៖ មឿន ឌីណា (Moeun Dyna)