Register Already an agent ? Login

សម្ដេច ហ៊ុន សែន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣ ប្រវែងសរុបជាង ១៤៣គីឡូម៉ែត្រ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣ ប្រវែង ១៣៤.៨២៦គីឡូម៉ែត្រ ចាប់ពីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ខេត្តកំពត។ ផ្លូវនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១ បានចំណាយថវិកាសរុបប្រមាណ ២១៥.៣៨៨លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងពិធីខាងលើ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ (រាជធានីភ្នំពេញ-ក្រុងកំពត) គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់ កម្ពុជា ឆ្លងកាត់រាជធានី-ខេត្ត ចំនួន៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ ខេត្តព្រះសីហនុ។ តាមរយៈកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ភ្ជាប់ទៅផ្លូវជាតិលេខ៤ (ព្រៃនប់) និងតភ្ជាប់ទៅច្រកព្រំដែនកម្ពុជា-ថៃ ខេត្តកោះកុង តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨។

លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា កំណាត់ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ការធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកំពតនិងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ សម្បូរដោយធនធានទេសភាពធម្មជាតិមានតំបន់ជ្រលងភ្នំនិងតំបន់ឆ្នេរដ៏ស្រស់ត្រកាល ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

មិនតែប៉ុណ្ណោះ កំណាត់ខ្សែផ្លូវនេះ មានភាពរឹងមាំធំទូលាយដែលសម្រួលដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ ព្រមទាំងអាចបញ្ចៀសបានការកកស្ទះនៅតាមបណ្តោយផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀតផងដែរ។ បើតាមការថ្លែងបន្តទៀតរបស់ លោក រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន។

លោក បានថ្លែងបន្ថែមឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ ក៏ជាផ្នែកមួយនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់ផ្លូវអាស៊ានហាយវ៉េយលេខ១២៣ (AH-123) ពីប្រទេសថៃមកប្រទេសកម្ពុជា តាមរយៈផ្លូវជាតិលេខ៤៨ ហើយឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំការលួង ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ និងបន្តទៅប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ៣៣ កាត់តាមកំពង់ត្រាចចេញទៅច្រកព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក (កំពត)-សាសៀរ (ហាទៀង) ដែលនឹងជួយជំរុញកំណើននៃទំហំពាណិជ្ជកម្ម និងទេសចរណ៍ រវាងកម្ពុជាជាមួយប្រទេសជិតខាង។ 

លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិចិន ដែលបានផ្ដល់ហិរញ្ញប្បទានសម្បទានជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្ដបន្ទាប់ ដើម្បីចូលរួមចំណែកក្នុងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ច ជាតិនិងកាត់បន្ថយភាពក្រីក្រឱ្យកាន់តែថយចុះបន្ថែមទៀត។

នៅក្នុងពិធីនេះ សម្ដេចតេ ជោនាយករដ្ឋមន្ត្រី បានស្នើឱ្យមិត្តចិនពិនិត្យលទ្ធភាពពន្លឿននីតិវិធីក្នុងការផ្ដល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៣១ ៣៣ ៤១ និងកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ដើម្បីឱ្យកម្ពុជាអាចសម្រេចទិសដៅក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបន្ថែមទៀត។

គួររម្លឹកថា៖ កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ទៅដល់ក្រុងកំពត ត្រូវបានស្តារម្តងរួចមក ហើយនៅឆ្នាំ២០០៨-២០១១ ប៉ុន្តែដោយសង្កេតឃើញថាកំណើន ចរាចរណ៍មានការកើនឡើងគួរឱ្យកត់សម្គាល់រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យពង្រីកកំណាត់ផ្លូវនេះចាប់ពីចោមចៅដល់បែក គូសប្រវែង ៦៩.៩០០គីឡូម៉ែត្រ ជា៤គន្លង និងកំណាត់ផ្លូវពីបែកគូស ដល់ក្រុងកំពតប្រវែង ៦៤.៩២៦គីឡូម៉ែត្រ ជា២គន្លង ដោយក្រាលបេតុងកៅស៊ូAC ឡើងវិញ។

គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៣ មានប្រវែងសរុប ១៣៤.៨២៦គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដោយក្នុងនោះ ខ្សែផ្លូវឆ្លងកាត់រាជធានីភ្នំពេញប្រវែង ១២គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង ១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៣០គីឡូម៉ែត្រ ខេត្តតាកែវប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពតប្រវែង ៥១គីឡូម៉ែត្រ។

គម្រោងនេះត្រូវបានបែងចែកចេញជា ២កំណាត់រួមមាន៖

កំណាត់ទី១៖ មានប្រវែង ៦៩,៩០០គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ-ចោមចៅ (គីឡូម៉ែត្រលេខ ០០+០០០) ដល់បែកគូស (គីឡូម៉ែត្រលេខ ៦៩+៩០០) បានពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ មាន ៤គន្លង (២គន្លងទៅ២គន្លងមក) ក្រាលបេតុងកៅស៊ូAC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹងតួផ្លូវ ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ រួមមាន៖ គន្លងផ្លូវរថយន្ដទទឹង ១៥ម៉ែត្រ ចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) គន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ។ គន្លងផ្លូវម៉ូតូទទឹង ៥ម៉ែត្រ ចែកជា២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ២.៥០ម៉ែត្រ។ ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង២ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហមទទឹង ០.៧៥ម៉ែត្រសងខាងផ្លូវ។ សាងសង់ស្ពានថ្មីចំនួន ១១កន្លែង ប្រវែងសរុប ៤៤៣ម៉ែត្រ ទទឹង១២ម៉ែត្រ និងពង្រីកស្ពានចាស់ ២កន្លែងប្រវែងសរុប ៣០ម៉ែត្រ។

កំណាត់ទី២៖ មានប្រវែង ៦៤.៩២៦គីឡូម៉ែត្រ ចាប់ពីបែកគូស (គីឡូម៉ែត្រលេខ ៦៩+៩០០) ដល់ក្រុង កំពត (គីឡូម៉ែត្រលេខ១៣៤+៨២៦) បានពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ មាន២គន្លង (១គន្លងទៅ ១គន្លងមក) ក្រាលបេតុងកៅស៊ូAC កម្រាស់ ៧សង់ទីម៉ែត្រ ទទឹង១១ម៉ែត្រ លើទទឹងតួផ្លូវសរុប ១២ម៉ែត្រ រួមមាន៖ គន្លងផ្លូវរថយន្ដទទឹង៧,៥០ម៉ែត្រ ចែកជា២គន្លង (១គន្លងទៅ១គន្លងមក) គន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ។ គន្លងផ្លូវម៉ូតូទទឹង៣.៥០ម៉ែត្រ ចែកជា២គន្លង (១គន្លងទៅ១គន្លងមក) គន្លងនីមួយៗមានទទឹង ១.៧៥ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហមទទឹង០,៥០ម៉ែត្រសងខាងផ្លូវ។

កំណាត់ផ្លូវទាំងពីរនេះ បានសាងសង់លូជ្រុងចំនួន ៣៤កន្លែង លូមូលចំនួន ១៧៧កន្លែង លូដាក់តាមប្រឡាយសងខាងផ្លូវចំនួន ២៧១កន្លែង និងការងារបំពាក់បរិក្ខារផ្លូវថ្នល់រួមមាន៖ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ព្រមទាំងមានបំពាក់កាំមេរ៉ាចាប់ល្បឿនអចល័តចំនួន ១០កន្លែង និងសាងសង់ស្ពានថ្មើរជើងរំលងផ្លូវចំនួន ២កន្លែងផងដែរ។

កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពតនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១៕

ដោយ៖ មឿន ឌីណា (Moeun Dyna)