Register Already an agent ? Login

សម្ដេចតេជោ នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅខែមីនានេះ

ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅនាដើមខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ បើរដ្ឋបាលខេត្តត្បូងឃ្មុំ។

រដ្ឋបាលខេត្តបន្តថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមដំណើរដោយ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យទីតាំង និងបើកកិច្ចប្រជុំត្រៀមរៀបចំប្រារព្ធពិធីសម្ពោធសមិទ្ធិផលខាងលើ។

លោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ឱ្យដឹងថា មន្ទីរពេទ្យនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបញ្ចប់ការសាងសង់កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ចំណាយថវិកាអស់ប្រមាណ ៥០លានដុល្លា ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិចិន។

ផ្ទៃក្រឡាមន្ទីរពេទ្យនេះ មានទំហំ ៥៥.៨១៤ម៉ែត្រការ៉េ និងក្រឡាផ្ទៃអគារ មានទំហំ ២៤.៣០០ម៉ែត្រការ៉េ មានកំពស់ ២៤ម៉ែត្រ ចែកចេញជា ៥ជាន់។ បើតាមលើកឡើងបន្តរបស់ លោក អេក ឃាង បានបន្តទៀតឱ្យដឹងថា មន្ទីរពេទ្យនេះ បំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន ៣០០គ្រែ រួមទាំងមានទទួលព្យាបាល វះកាត់ ពិគ្រោះយោបល់ជំងឺទូទៅ ដែលមានក្រុមគ្រូពេទ្យជំនាញប្រមាណជាង ៤០០នាក់ ដែលជាមន្ទីរពេទ្យប្រចាំតំបន់ភូមិភាគ គ្រប់ដណ្តប់ប្រជាជនមួយចំនួននៃខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី។

លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំ ដាក់ឱ្យដំណើរការសិក្សាជាបណ្តោះអាសន្ន ទាំងថ្នាក់បឋមសិក្សា និងថ្នាក់វិទ្យាល័យ ដោយមានអគារសិក្សាចំនួន ២ខ្នង កំពស់ ៣ជាន់ មាន ៣៦បន្ទប់ អគារទីចាត់ការចំនួន ២ខ្នង ១០បន្ទប់ អគារស្នាក់នៅគ្រូបង្រៀន ២ខ្នង ៤០បន្ទប់ មានសិស្សានុសិស្ស ៥៥៧នាក់ និងគ្រូបង្រៀនសរុប ១៨នាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)