តាកែវ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូលេខ១២០B មានប្រវែង ៤០០០ម៉ែត្រ ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។
នៅក្នុងពិធីខាងលើ លោក អ៊ូច ភា បានថ្លែងបញ្ជាក់ថា ផ្លូវ១ខ្សែនេះ មានសារៈសំខាន់ណាស់ សម្រាប់បម្រើផល ប្រយោជន៍រួម ព្រោះផ្លូវជាសសៃឈាមសេដ្ឋកិច្ចគឺមានផ្លូវមានសង្ឃឹម ម្យ៉ាងទៀតនៅពេលដែលទទួលបានផ្លូវ ១ខ្សែនេះហើយ គឺយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាផ្លូវនេះ ឱ្យបានគង់ វង្សទុកសម្រាប់កូនចៅជំនាន់ក្រោយ និងទុកជាសម្បត្តិរួម។
លោក បានថ្លែងបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ ដែលធ្វើការស្ថាបនាពេលនេះ ប្រសិនមានការប៉ះពាល់ដោយប្រការណាមួយ សូមមេត្តាយោគយល់ និងអធ្យាស្រ័យគ្នា ព្រោះការស្ថាបនាគឺមានគោលបំណងតែមួយគត់ គឺចង់បានផ្លូវធំ ល្អស្អាត ងាយស្រួលធ្វើដំណើរដល់ប្រជាពលរដ្ឋ ជាពិសេសគឺត្រូវចេះជួយថែរក្សាផ្លូវទាំងអស់គ្នា។
នាឱកាសនោះ លោក អភិបាលខេត្តតាកែវ ក៏បានណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវអប់រំណែនាំដល់ប្រជាពលរដ្ឋ មិនឱ្យសាង់សងឬរំលោភលើដីចំណីផ្លូវរបស់រដ្ឋ ព្រោះប្រសិនបើប្រជាពលរដ្ឋបានចូលរួមចំណែកជាមួយនឹងអាជ្ញាធរមិនរំលោភដីចំណីផ្លូវវាគឺជាការចូលរួមចំណែកនិងបង្ហាញឱ្យឃើញពីការយល់ដឹង ការគោរពច្បាប់ ទៅលើដីចំណីផ្លូវ ពិសេសគឺនៅពេលដែលរដ្ឋត្រូវ ការធ្វើការពង្រីកផ្លូវ ឬជួសជុលផ្លូវ ចាក់កៅស៊ូជាដើម គឺមិនមានការប៉ះពាល់ ឬក៏ខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនោះឡើយ។
អ៊ូច ភា បានថ្លែងថា ក្រោមការដឹកនាំ សម្ដេចតេជោ ហ៊ុន សែន មានការរីកចំរើនលើគ្រប់វិស័យ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ សាលារៀន មន្ទីរពេទ្យ ។ល។ ជាពិសេសប្រមុខរាជរដ្ឋាភិបាល គឺបានផ្ដោតសំខាន់ យកចិត្តទុកដាក់ក្នុងកសាងផ្លូវគ្រប់ទីកន្លែងចាប់ពីទីប្រជុំជន រហូតដល់ជនបទ ព្រោះផ្លូវគឺជាចរន្តឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ ប្រជាពលរដ្ឋប្រកបរបបរប្រចាំថ្ងៃក្នុងការផ្លាស់ប្ដូរមុខទំនិញរវាងទីប្រជុំជនដល់ជនបទ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)