ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើសម្ពោធដាក់ឱ្យប្រប្រាស់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុបជិត ១៣៥គីឡូម៉ែត្រ ដែលមានតម្លៃជាង ២១៩លានដុល្លារ ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្លូវជាតិលេខ៣ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងទី៧ ខែឧសភា ឆ្នាំ២០១៨។
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុបជិត១៣៥ គីឡូម៉ែត្រនេះ ត្រូវបានចែកជា ពីរដំណាក់កាលគឺ៖
-ដំណាក់កាលទី១ ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង ៧០គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា ៤គន្លង (២គន្លងទៅ ២គន្លងមក)។
-ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែងជិត ៦៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ AC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ចែកជា២គន្លង។
ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន China Bridge and Road Corporation ក្រោមការត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Construction Technical Consulting។
គូសបញ្ជាក់ថា ផ្លូវជាតិលេខ៣ រួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនផលិតផល ជាពិសេសការដឹកជញ្ជូនទំនិញពីខេត្តកំពតទៅកាន់ខេត្តផ្សេងៗ និងបម្រើដល់វិស័យទេសចរណ៍ទៅកាន់ ភូមិភាគនិរតី នៃតំបន់សមុទ្រកម្ពុជាផងដែរ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ចូន ធ្លាប់បានបញ្ជាក់អំពីសារប្រយោជន៍នៃកំណាត់ផ្លូវនេះថា នៅពេលដែលផ្លូវជាតិលេខ៣នេះ បានសាងសង់រួច ប្រជាពលរដ្ឋធ្វើដំណើរនឹងចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗបានច្រើន។ តាមរយៈផ្លូវជាតិលេខ៣នេះ បើមានបងប្អូនប្រជាពលរដ្ឋចង់ធ្វើដំណើរទៅលេងកំពង់សោម ក៏អាចធ្វើដំណើររតាមផ្លូវជាតិនេះបានផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)