ភ្នំពេញ៖ ធនាគារពិភពលោក (WB) ផ្ដល់ហិរញ្ញប្បទាន ៦០លានដុល្លារ ដល់កម្ពុជា ដើម្បីធ្វើទីលានគ្រប់គ្រងសំរាម សំណល់រឹងនិងសំណល់ប្លាស្ទិក នៅក្នុងក្រុងនិងស្រុក ក្នុងខេត្តចំនួន៥ រួមមាន៖ ខេត្តសៀមរាប (ក្រុងសៀមរាប) ខេត្តកណ្តាល (ក្រុងតាខ្មៅ) ខេត្តកំពង់ស្ពឺ (ក្រុងច្បារមន) ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។ បើតាមក្រសួងមហាផ្ទៃ។
គម្រោងធ្វើទីលានគ្រប់គ្រងសំរាមនេះ ដែលមានអន្តរក្រសួង រួមនឹងWB កំពុងសិក្សារួមគ្នាលើគម្រោងនេះ ចាប់តាំងពីចុងឆ្នាំ២០១៩ ប៉ុន្តែដោយសារជំងឺកូវីដ-១៩ បានធ្វើឱ្យមានភាពយឺតយ៉ាវក្នុងការអនុវត្ត។ នេះតាមការបន្តរបស់ក្រសួងមហាផ្ទៃ បានបន្តទៀតថា គម្រោងនេះអនុវត្តដោយអន្តរក្រសួងរួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រុមការងារបច្ចេកទេសរបស់ WB ដែលមានរយៈពេល ៦ឆ្នាំ។
ក្រោយពីបញ្ចប់ការសិក្សាគម្រោង នឹងដាក់ឱ្យអនុវត្ត ក្រុងនិងស្រុកនៅក្នុងខេត្តគោលដៅទាំងខេត្តទាំង៥ មានទីលានចាក់សំរាមត្រឹមត្រូវ និងស្តង់ដារបច្ចេកទេសខ្ពស់ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈកាន់តែល្អប្រសើរ ជាពិសេសអាចកែច្នៃសំរាមនោះទៅជាជីកំប៉ុស និងមានកន្លែងទុកដាក់ត្រឹមត្រូវ និងដោយធ្វើការញែកប្រភេទសំរាមចេញពីគ្នា។ បើតមការបន្តរបស់ក្រសួងមហាផ្ទៃ។
អន្តរក្រសួង បានសហការជាមួយក្រុមការងារ WB រៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័ន ជាច្រើនលើក និងបានចូលរួមពិនិត្យផ្តល់យោបល់លើរបាយការណ៍សិក្សា និងឯកសាររៀបចំគម្រោងមួយចំនួនរួមមាន៖
១-ឯកសារក្របខ័ណ្ឌគ្រប់គ្រងបរិស្ថាន និងសង្គម ២-របាយការណ៍ស្ដីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមបឋម សម្រាប់ជម្រើសសាងសង់ទីលានទុកដាក់សំរាមខេត្តសៀមរាប ៣- ឯកសារក្របខ័ណ្ឌគោលនយោបាយដោះស្រាយផលប៉ះពាល់នៃការតាំងទីលំនៅថ្មី ៤- ឯកសារក្របខ័ណ្ឌផែនការជនជាតិដើមភាគតិច និង ៥-ឯកសារគោលនយោបាយគ្រប់គ្រងការងារ។
គូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលនយោបាយក្នុងការគ្រប់គ្រងសំរាមសំណល់រឹង និងការអភិវឌ្ឍទីប្រជុំជន ប្រកបដោយសោភណភាព ចីរភាព និងសុខុមាលភាព។ ក្នុងនោះរាជរដ្ឋាភិបាល បានជំរុញឱ្យរដ្ឋបាលក្រុង-ស្រុករៀបចំទីលានផ្ទាល់ ឬទីលានតំបន់ដែលអាចគ្រប់គ្រងសំរាមមានប្រសិទ្ធភាព និងអាចទាញធនធាន ដើម្បីចូលរួមបង្កើនសេដ្ឋកិច្ចជាតិ។
រាជរដ្ឋាភិបាល ក៏បានបង្កើតសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាមសំណល់រឹងកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២០ ដែលមានបេសកកម្មគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាមសំណល់រឹង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)