Register Already an agent ? Login

សម្ដេច ហ៊ុន សែន គ្រោងប្តូរទីលានចាក់សំរាមចាស់ទៅទីតាំងថ្មី ទុករយៈពេល២ឆ្នាំឱ្យរដ្ឋបាលរាជធានីភ្នំពេញសិក្សាទីលានថ្មី

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ហ៊ុន សែន បានទុករយៈពេល២ឆ្នាំឱ្យរដ្ឋបាលរាជធានីភ្នំពេញសិក្សារៀបចំ និងសាងសង់ទីលានចាក់សំរាមថ្មីឱ្យបានឆាប់ ដើម្បីផ្ទេរការទុកដាក់សំរាមពីទីលានចាស់នៅខណ្ឌដង្កោរ។

នៅក្នុងពិធីខាងលើ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់ថា «ឥឡូវនេះ មានការរៀបចំឱ្យមានការញែករវាង សំណល់រឹង ជាមួយនិងសំរាមធម្មតា ក៏ប៉ុន្ដែមិនព្រមធ្វើបែបនេះទេ ដែលបង្កើតឱ្យមានបញ្ហាទៅជាទីធ្លាចាក់សំរាម ដែលឥឡូវត្រៀមដោះប្តូរពីស្ទឹងមានជ័យ ទៅកាន់កន្លែងផ្សេង»។

ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងអ្នកមកលេងក្រុងភ្នំពេញ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងត្រូវខិតខំទាំងអស់គ្នា ដើម្បីកាត់បន្ថយសំរាមហូរចូលលូ ប្រឡាយ និងទន្លេ។ បើតាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ជាមួយគ្នានេះ សូមប្រជាពលរដ្ឋចូលរួមរក្សាអនាម័យបរិស្ថាន ដើម្បីទីក្រុងស្អាតមិនត្រូវបោះចោលសំរាមផ្តេសផ្តាសពាសវាលពាសកាលឡើយ ដូចជាមិនត្រូវយកសំរាមទៅបោះចូលនៅក្នុងលូជាដើម។

សម្ដេចតេជោ នាយករដ្ឋមន្រ្តីបាន ថ្លែងបន្តដោយសង្កត់ធ្ងន់ថា «អ្នកបោះចោលសំរាមពាសវាលពាសកាល គួរខ្មាសក្មេងៗដែលទទួលបានការអប់រំ ហើយចេះទុកដាក់សំរាមបានត្រឹមត្រូវ។ បញ្ហាកង្វល់របស់យើងនៅពេលនេះ គឺប្រជាពលរដ្ឋមិនព្រមរក្សាអនាម័យទុកដាក់សំរាមទេ ដែលនេះគឺជាបញ្ហាឈឺក្បាលសម្រាប់យើងទាំងអស់គ្នា។ សូមឱ្យមានការចូលរួមអនាម័យបរិស្ថាន និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ»។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលនយោបាយ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនិងការអភិវឌ្ឍទីប្រជុំជន ប្រកបដោយសោភ័ណភាព ចីរភាព និងសុខុមាលភាព។ ក្នុងនោះរាជរដ្ឋាភិបាលបានជំរុញឱ្យរដ្ឋបាល ក្រុង-ស្រុករៀបចំទីលានផ្ទាល់ ឬទីលានតំបន់ដែលអាចគ្រប់គ្រងសំរាមមានប្រសិទ្ធភាព និងអាចទាញធនធាន ដើម្បីចូលរួមក្នុងការបង្កើនសេដ្ឋកិច្ចជាតិ។

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាមសំណល់រឹង ស.ទ.ស. លេខ ១៨៩ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានបេសកកម្មគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង នៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ន សំរាមក្នុងរាជធានីភ្នំពេញ១ថ្ងៃ ត្រូវបានបញ្ចេញចោលចំនួនប្រមាណ ៣ពាន់តោន ហើយបើសរុបទូទាំងប្រទេសសំរាមជាង ៣លានតោន ត្រូវបានដឹកជញ្ជូនចាក់តាមទីលានក្នុង១ឆ្នាំ។ សំរាមនេះគឺជាបញ្ហារួម ដែលត្រូវដោះស្រាយនិងចូលរួមទាំងអស់គ្នាជាពិសេសប្រជាពលរដ្ឋផងដែរ។ ដូច្នេះ ចូលរួមលើការទុកដាក់សំរាមឱ្យត្រឹមត្រូវតាមប្រភេទ មានរបៀបរៀបរយ និងការទាញយកធនធានតាមរយៈការកែច្នៃ គឺជារឿងចាំបាច់បំផុត ដែលត្រូវផ្តើមដំបូងចេញពីប្រជាពលរដ្ឋតែម្ដង។

សូមបញ្ជាក់ផងដែរថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកលើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែក តាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលសម្ដេចតេជោ អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនជាង ២០លានដុល្លារ គ្រោងបញ្ចាប់ការសាសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥០០០ ម៉ែត្រគូបក្នុង១ថ្ងៃ មានស្ថានីយបូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ បឹងជើងឯកសរុបចំនួន ២គ្រឿង ដែលមានសមត្ថភាពបូមបាន ៤៦៨ ម៉ែត្រគូបក្នុង១ម៉ោង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)