Register Already an agent ? Login

CMAC ប្រកាស រាជធានីភ្នំពេញ ខេត្តកណ្ដាល កែប ផ្ទៃដីសរុបជាង ១ពាន់ហិកតា គ្មានគ្រាប់មីនប្រឆាំងមនុស្ស

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រកាសនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ថា ខេត្តកណ្តាល​ និងខេត្តកែប​ ព្រមទាំងរាជធានីភ្នំពេញ​ ជាខេត្ត/រាជធានី​ អស់តំបន់រងការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមុនគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អង្គភាព CMAC បានបញ្ជាក់ថា អង្គភាពរបស់ខ្លួន បាន​បញ្ចប់កិច្ចប្រតិបតិ្តការរំដោះផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់មីនប្រឆាំងមនុស្ស ដែលបានដឹង និងមានកំណត់ត្រាពហុកោណក្នុងទិន្នន័យ​ថ្នាក់​ជាតិ (Landmines known areas with polygon records in National Database) ស្ថិតក្នុងខេត្តកែប ខេត្តកណ្តាល និងរាជធានីភ្នំពេញ បានសម្រេច​ជា​ស្ថាពរ​ហើយ។

អង្គភាព CMAC បានបន្តឱ្យដឹងថា ក្នុងនោះ ខេត្តកណ្តាល មានចំនួន ៣ពហុកោណ​ (ចម្ការមីន)​ មានផ្ទៃដីចំនួន​ ៦៤ហិកតា ​ ខេត្តកែប​ មានចំនួន ៨ពហុកោណ​ ស្មើនឹង ៦៩.៨ហិកតា​ និងរាជធានីភ្នំពេញមានចំនួន ៨ពហុកោណ ស្មើនឹង​ ៩៨៣ហិកតា។ សម្រាប់​ទិសដៅបន្ត គឺអង្គភាព CMAC បានចល័តកម្លាំងចូលទៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តតាកែវ ដែលជាគោលដៅអាទិភាពក្នុងការបញ្ចប់បញ្ហាគ្រាប់មីនប្រឆាំងមនុស្ស ក្នុងឆ្នាំ២០២២នេះ។

ការប្រកាសថា ខេត្តគ្មានតំបន់គំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស ឬហៅថា «ខេត្តគ្មានគ្រាប់មីន​ប្រឆាំង​មនុស្ស» វាមិនមានន័យថា «ខេត្តទាំងនោះអស់បញ្ហា ជាមួយសំណល់យុទ្ធភណ្ឌសង្គ្រាម​នោះទេ» ។ ការពិតអាចបន្តមានបញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមដទៃទៀត ដូចជាគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ និងសំណល់គ្រាប់មិនទាន់ផ្ទុះផេ្សងៗ ក្រៅពីគ្រាប់មីនប្រឆាំងមនុស្ស។ បើតាមការបញ្ជាក់របស់ អង្គភាព CMAC។

អង្គភាព CMAC បានលើកឡើងថា បញ្ហាគ្រាប់មីនប្រឆាំងមនុស្ស ស្ថិតនៅក្រោមអនុសញ្ញាអន្តរជាតិអូតាវ៉ា ដែលមាន ១៦៤ប្រទេស គឺជាសមាជិក​ហត្ថលេខី។ ក្នុងចំនួននេះ មានប្រទេស ១៣៣ ជារដ្ឋសមាជិក ដោយបូករួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋសមាជិកមួយយ៉ាងសកម្មបានប្តេជ្ញាអនុវត្តអនុសញ្ញានេះយ៉ាង​ពេញ​លេញ ដោយអនុម័ត​ផែនការយុទ្ធសាស្ត្រ «កម្ពុជាគ្មានគ្រាប់មីន​ប្រឆាំង​មនុស្ស​​ ត្រឹម​ឆ្នាំ​២០២៥»។

អង្គភាព CMAC បានបន្ថែមថា ដូចនេះគោលដៅសំខាន់គឺតំរង់ទិសសំរេចបញ្ហាគ្រាប់មីនប្រឆាំងមនុស្សមួយនេះឱ្យខានតែបានត្រឹមឆ្នាំ២០២៥​។ ដូចដែលបានដឹងមកហើយ​ ព្រះរាជាណាចក្រកម្ពុជាទទួលរងគ្រោះដោយសារសង្គ្រាមរយ:ពេលយូរនិងទំហំធ្ងន់ធ្ងរបំផុតលើពិភពលោកនេះ​ ដូចនេះសំណល់យុទ្ធភណ្ឌសង្គ្រាមក៏មានទំហំធំធេងណាស់ដែរ​ ហេតុនេះមិនអាចដោះស្រាយទិដ្ឋភាពបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមគ្រប់ប្រភេទបានត្រឹមឆ្នាំ២០២៥នោះទេ។

ផ្អែកតាមផែនការរបស់រាជរដ្ឋាភិបាល អង្គភាព CMAC បានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល ៤ឆ្នាំ (២០២២-២០២៥) ដើម្បីរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនប្រឆាំងមនុស្ស ដែលបានដឹង និងមានកំណត់ត្រាក្នុងទិន្នន័យថ្នាក់ជាតិចំនួនជាង ៧០០គីឡូម៉ែត្រក្រឡា គឺប្រមាណ ៩០% នៃបញ្ហាគ្រាប់មីនដែលកំពុងនៅសេសសល់។

សូមចៀសវាងមានការយល់ច្រឡំថា​ «ខេត្តគ្មានគ្រាប់មីន​» ជាខេត្តអស់បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមដទៃទៀតនោះ​!​ «ខេត្តគ្មានគ្រាប់មីន"» ធាតុពិតខេត្តនោះមិនទាន់អស់បញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាមរតកពីសង្គ្រាមផ្សេងៗទៀតដូចជាគ្រាប់បែកទម្លាក់ពីយន្តហោះ​ គ្រាប់បែកចង្កោមនិងគ្រប់មិនទាន់ផ្ទុះគ្រប់ប្រភេទ​នៅឡើយទេ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)