កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ថា ការស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ១ខ្សែប្រវែង ២៧.៣៥០ម៉ែត្រ ដែលជាប្រភពថវិការបស់ធនាគារពិភពលោក ដែលអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម នឹងបញ្ចប់ការដ្ឋានស្ថាបនានៅចុងឆ្នាំ២០២២។
ការថ្លែងរបស់ លោក អ៊ុន ចាន់ដា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នាពេល លោក ដឹកនាំមន្ទីរជំនាញ អាជ្ញាធរស្រុកកងមាស អញ្ជើញចុះពិនិត្យវឌ្ឍនភាពផ្លូវខាងលើ។
មន្ត្រីបច្ចេកទេសបានជម្រាបជូន អភិបាលខេត្តថា ផ្លូវ១ខ្សែខាងលើនេះ គឺឆ្លងកាត់ឃុំចំនួនបី រួមមាន ឃុំព្រែកកុយ កងតាណឹង និងឃុំសូគង នៃស្រុកកងមាស។ ផ្លូវ១ខ្សែនេះ នឹងបញ្ចប់ការដ្ឋានស្ថាបនានៅចុងឆ្នាំ២០២២ ខាងមុខ។
នាឱកាសនោះ លោក អ៊ុន ចាន់ដា ក៏បានស្នើដល់មន្ត្រីបច្ចេកទេស និងអ្នកទទួលការ សំដៅធ្វើយ៉ាងណាឱ្យការស្ថាបនាផ្លូវខាងលើប្រកបមានគុណភាព ស្របទៅតាមលក្ខណៈបទដ្ឋានស្តង់ដារបច្ចេកទេស។
លោក អភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរស្រុក និងគណៈកម្មការត្រួតពិនិត្យផ្លូវខាងលើយកចិត្តទុកដាក់ និងជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យផ្លូវដ៏មានសារសំខាន់ ១ខ្សែនេះ រួចរាល់តាមការគ្រោងទុក។
ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ក៏បានបន្តដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យសំណង់ទប់ច្រាំងព្រែកកុយ ប្រវែងប្រមាណ ៤០០ម៉ែត្រ ដែលសម្រេចការសាងសង់រួចរាល់ជាស្ថាពរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)