កំពង់ចាម៖ កំណាត់ផ្លូវ ១ខ្សែប្រវែង ១៦.៨គីឡូម៉ែត្រ ដោយសាងសង់ក្រាលកៅស៊ូប្រភេទ DBST ពីផ្លូវជាតិលេខ៧១ ក្នុងភូមិតាអុង ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៧១c ស្ថិតនៅភូមិជយោ ឃុំជយោ ដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមរដ្ឋបាលខេត្តកំពង់ចាម។
ការបើកការដ្ឋានសាងសង់កំណាត់ផ្លូវខាងលើ ក្រោមអធិបតីភាពរបស់ លោក ហ៊ុន ម៉ានិត នាយរងខុទ្ទកាល័យសម្តេច តេជោ ហ៊ុន សែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ។ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោល ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានចូលរួមជាអធិបតីភាពផងដែរ។
នៅក្នុងពិធីនេះ លោក អ៊ុន ចាន់ដា បានថ្លែងថា ផ្លូវ១ខ្សែនេះ ប្រជាពលរដ្ឋ ក្នុងស្រុកចំការលើ បានទន្ទឹងរង់ចាំយូរមកហើយ ទើបតែក្នុងឆ្នាំ២០២២នេះ ជាពិសេស ដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តផង និងដោយបានទទួលការជ្រោមជ្រែងពី លោក ហ៊ុន ម៉ានិត ទើបធ្វើឱ្យសម្រេចចេញជាផ្លូវនេះឡើង ទុកជូនប្រជាពលរដ្ឋប្រើប្រាស់។
លោក អភិបាលខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ឱ្យដឹងថា ផ្លូវ១ខ្សែនេះ អាចនឹងស្ថាបនារួចរាល់ ក្នុងរយៈពេលត្រឹមតែ ៤ខែ ប៉ុណ្ណោះ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋឆាប់បានផ្លូវល្អប្រើប្រាស់ ហើយផ្នែកជំនាញនឹងដាក់ស្លាកសញ្ញាចរាចរ និងស្លាកកំណត់កម្រិតទម្ងន់របស់រថយន្តដឹកទំនិញផ្សេងៗឱ្យបានត្រឹមត្រូវផងដែរ។ លោក បានបន្តថា ពោលគឺ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ។
មូលហេតុដែលអូសបន្លាយ មានការយឺតយ៉ាវក្នុងការស្ថាបនា ផ្លូវ១ខ្សែនេះ ដោយសារប្រទេសជាតិជួបវិបត្តិជំងឺកូវីដ-១៩។ នេះបើតាមការថ្លែងបញ្ជាក់របស់ លោក ហ៊ុន ម៉ានិត បានបន្តថា ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបានបង្វែរថវិកា ទៅផ្គត់ផ្គង់ផ្នែកសុខាភិបាលជាអទិភាព ដើម្បីទប់ស្កាត់កុំឱ្យមានការរាលដាលជំងឺនេះ នៅក្នុងសហគមន៍ធ្ងន់ធ្ងរ និងការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)