កំពង់ធំ៖ ស្ពានបេតុង ១ខ្សែប្រវែង ១៨០ម៉ែត្រ និងទទឹង ៨.៨ម៉ែត្រ ឆ្លងកាត់ស្ទឹងសែន ស្ថិតនៅឃុំត្បូងក្រពើ ស្រុកសន្ទុក ដោយតភ្ជាប់ទៅកាន់ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាអំណោយរបស់តេជោ ហ៊ុន សែន បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមរដ្ឋបាលខេត្តកំពង់ធំ បានបន្តថា ស្ពាននេះជាការសូមណូមពររបស់ប្រជាបលរដ្ឋ នាឱកាសសម្ដេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ កាលពីឆ្នាំ២០១៣។
នៅពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្ពានឆ្លងស្ទឹងសែន លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងឱ្យដឹងថា ស្ពាននេះ មានប្រវែង ១៨០ម៉ែត្រ ទទឹង ៨.៨ម៉ែត្រ កំពស់កណ្តាលស្ពានដល់ធ្នឹមបណ្ដោយ ១២.២ម៉ែត្រ សសរស្ពានមានចំនួន ៣០ដើម សសរបង្កាន់ដៃស្ពាន ចំនួន ១៣២ដើម និងកំពស់បង្កាន់ដៃស្ពាន ១.៣ម៉ែត្រ (បូកទាំងឃឿន) ហើយស្ពាននេះ ជាចំណុចតភ្ជាប់រវាង ភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក និងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក ងួន រតនៈ បានថ្លែងបញ្ជាក់ថា ស្ពាននេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីដឹកកសិផលឆ្លងកាត់ឱ្យមានលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ កាត់បន្ថយពេលវេលានៅពេលឆ្លងកាត់ ក៏ដូចជាភ្ញៀវទេសចរណ៍ចូលទៅកម្សាន្តនៅមជ្ឈមណ្ឌលសាសនា វប្បធម៌ និងទេសចរណ៍សំពៅត្រៃលោកត្រៃលក្ខណ៍ផងដែរ។ លោក បានបន្តទៀតថា ស្ពាននេះ ចំណាយពេលសាងសង់រយៈពេល ២៤ខែ នឹងហើយជាស្ថាពរ។
នៅក្នុងពិធីខាងលើ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភា ដែលបានអញ្ជើញជាអធិបតី បានថ្លែងថា ទោះបីជាមានការលំបាក ការប្រឈមនឹងជំងឺកូវីដ-១៩ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែដំណើរការជំរុញការងារអភិវឌ្ឍន៍ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង ដែលយើងកំពុងតែដំណើរការ។
លោក ស្រីបានថ្លែងបន្តថា នៅពេលខាងមុខនេះ សម្តេចតេជោ ត្រៀមបើកការដ្ឋានសាងសង់ស្ពានជាច្រើនទៀត ព្រមទាំងសម្ពោធស្ពាន និងផ្លូវមួយចំនួន នេះហើយជាកត្តាសន្តិភាព នៃសមិទ្ធផលនៅលើទឹកដីយើងនេះ។
នាឱកាសនោះ លោកស្រី ម៉ែន សំអន បានថ្លែងផ្តាំផ្ញើដល់ក្រុមជាង ត្រូវបំពេញការងារឱ្យបានហ្មត់ចត់ និងត្រូវគោរពតាមបទដ្ឋាននៃសំណង់ក្នុងការសាងសង់ស្ពានឱ្យមានភាពរឹងមាំជាប់ល្អ និងធ្វើការដោយប្រុងប្រយ័ត្ន ចៀសសវាងគ្រោះថ្នាក់ដែលកើតមានជាយថាហេតុ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)