បន្ទាយមានជ័យ៖ គម្រោងធ្វើប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានសមត្ថភាពអាចចម្រោះទឹកបានចំនួន៣,៥០០ម៉ែត្រគូប ក្នុង១ថ្ងៃ លើផ្ទៃដីប្រមាណ ៤ហិកតា មានអាគារចំនួន ៤ រួមាន៖ អគារដ្ឋបាល, រោងជាង, រោងម៉ាស៊ីនភ្លើង និងអគារសន្តិសុខ ស្ថិតនៅក្នុងភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសេរីសោភ័ណ បានបើកការដ្ឋាននាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុប ២២,៤៨៦,១៧៩ដុល្លារ។
លោក លី សារី អភិបាលរងខេត្តបន្ទាយជ័យ បានថ្លែងនៅក្នុងពីធីបើកការដ្ឋាននេះថា គម្រោងសាងសង់ប្រពន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងសេរីសុភ័ណ នេះគឺមានរយៈពេល ៤ដំណាក់កាល ដោយក្នុងនោះ ទំហំការងារគម្រោងបណ្ដាញលូមេ បណ្ដាញលូមេរោង និងលូបង្ហៀរមានប្រវែង ៣៦.៧គីឡូម៉ែត្រ តភ្ជាប់តាមផ្ទះ។
លោក លី សារី បានថ្លែងបន្តថា អាគារពាណិជ្ជកម្ម និងអាគារស្ថាប័នចំនួន ៣,៧៦៦តំណ បណ្ដាញលូដែលមានសម្ភាធប្រវែង ៩.៧គីឡូម៉ែត្រ បណ្ដាញលូខ្វែងមានប្រវែង ៦៣.៣គីឡូម៉ែត្រ ស្ថានីយបូមមេចំនួន ១កន្លែង និងស្ថានីយបូមតូចមានចំនួន ៣កន្លែង ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាព ច្រោះសំអាតបានមានចំនួន ៣,៥០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។
អភិបាលរងខេត្តបន្ទាយជ័យ បានថ្លែងបន្តទៀតថា គាររដ្ឋបាលចំនួន ១កន្លែង អាគាររោងជាងចំនួន ១កន្លែង ម៉ាស៊ីនភ្លើងចំនួន ១កន្លែង និងអាគារសន្តិសុខចំនួន ១កន្លែង ស្ថិតនៅក្នុងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការកែលម្អផ្លូវទៅកាន់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ប្រវែង ២.៦គីឡូម៉ែត្រ បណ្ដាញលូទឹកភ្លៀងមានប្រវែង ៦.៨គីឡូម៉ែត្រ មានបំពាក់ឧបករណ៍ ប្រតិបត្តិការនិងការថែទាំ។
លោក បានថ្លែងបន្ថែមឱ្យដឹងថា ការសាងសង់ប្រពន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងសិរីសោភ័ណ មានរយៈពេល ៣ឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៤ អ្នកទទួលការសាងសង់ត្រូវផ្ដល់ការបណ្ដុះបណ្ដាលដល់បុគ្គលិកនិយោជិក ធ្វើប្រតិបត្តិការ និងថែទាំការងារនេះរយៈពេល ៦ខែ ចាប់ពីថ្ងៃបញ្ចប់ការសាងសង់។
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់សម្រាប់តំបន់សេវាកម្មភាគពាយ័ព្យ នៃស្ទឹងសិរីសោភ័ណ ដែលមានបំពង់បង្ហូរប្រវែង ១១០គីឡូម៉ែត្រ និងស្ថានីយបូមមេ ១កន្លែង និងស្ថានីយបូមតូចចំនួន ៣កន្លែង ព្រមទាំងការតភ្ជាប់បណ្ដាញតាមផ្ទះជាពាណិជ្ជកម្ម អាគារស្ថាប័នផ្សេងៗ ចំនួន ៣,៧៧៩កន្លែង។ បើតាមការថ្លែងរបស់ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា គម្រោងនេះនឹងសាងសង់ផ្លូវចូលទៅកាន់ស្ថានីយប្រព្រឹត្តកម្មដែលមានប្រវែង ២,៥០០ម៉ែត្រ និងបណ្ដាញលូបង្ហូរទឹកភ្លៀងប្រវែង ៦,៨៨៥ម៉ែត្រ។
សូមបញ្ជាក់ថា គម្រោងប្រព័ន្ធបង្ហូរទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹកភ្លៀង ព្រមទាំងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទទួលការសាងសង់ដោយក្រុមហ៊ុន BUCG ហើយត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Ramboll Denmark. A/W lnjointventeWithorientalConsultant&SeclnAssociationWithTancons៕
ដោយ៖ មឿន ឌីណា (Moeun Dyna)