Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ កម្ពុជា គ្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាតប្រទេសថៃ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ដើម្បីបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ និងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។ បើតាមក្រសួងដឹកជញ្ជូន។

នៅក្នុងកិច្ចប្រជុំខាងលើ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រោងនឹងបើកច្រកនេះតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន៖ អគារអន្តោប្រវេសន៍ អគារគយ និងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌ឃ្លាំងទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកញ្ជូន បានបញ្ជាក់ទៀតថា ការបើកច្រកថ្មីនេះ ដើម្បីបើកឱកាសឱ្យបានទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើត ការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ។

សូមបញ្ជាក់ថា ច្រកព្រំដែនងន្តរជាតិគ្រោងបើកការសាងស់នេះ មានទីតាំងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)