បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានបើកកាដ្ឋានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង ផ្នែកខាងលិចស្ទឹង នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ គម្រោងនេះស្ថិតក្រោមកម្ចីឥណទានរបស់ ADB, AFD និងជំនួយឥតសំណងពីសហគមអឺរ៉ុប (EU)។ បើតាមការថ្លែងរបស់ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង។
នៅក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកកាដ្ឋានអនុគម្រោងខាងលើ ដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ លូ គណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដោយសារការអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក សំណង់អគារ លំនៅស្ថាន ព្រមទាំងកំណើនប្រជាជន ដែលរស់នៅក្នុងក្រុងបាត់ដំបងក៏ដូចជាប៉ែកខាងលិចស្ទឹង មានការកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឱ្យបញ្ហាចោទឡើងពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងទឹកកខ្វក់ សំណល់ ដែលជាកង្វល់ដ៏ធំមួយទាមទារត្រូវយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយទាន់ពេលវេលានិងចំគោលដៅ។
លោក សុខ លូ បានមានប្រសាសន៍បន្តថា ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត បានដាក់ចេញផែនការសកម្មភាពក្នុងការគ្រប់គ្រងទៅលើទឹកកខ្វក់ តាមរយៈកិច្ចសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានាក្នុងការរៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានសមស្រប ដើម្បីប្រមូលនិងធ្វើប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ។
ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ តម្រូវឱ្យមានការជីកកាយដី ការដឹកជញ្ជូនសម្ភារចាំបាច់នានា សម្រាប់ការសាងសង់បំពង់មេ បំពង់មេរង បំពង់បូមបញ្ជូន ប្រឡាយជាដើម ដូចនេះសូមប្រជាពលរដ្ឋមានការយោគយល់ អធ្យាស្រ័យ ចំពោះការរំខានទាំងនេះ ព្រោះជាធម្មតាដំណើរការសាងសង់ ឬអភិវឌ្ឍន៍អ្វីមួយតែងតែធ្វើឱ្យមានផលរំខានដល់ប្រជាពលរដ្ឋជាក់ជាមិនខាន។ បើតាមការបញ្ជាក់របស់ អភិបាលខេត្តបាត់ដំបង។
លោក បានបញ្ជាក់ឱ្យដឹងថា ខេត្តបាត់ដំបងយើង មានគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ នៅផ្នែកខាងកើតស្ទឹងមួយ និងផ្នែកខាងលិចស្ទឹងនេះមួយថែមទៀត។
នៅក្នុងពិធីខាងលើនេះដែរ លោក ព្រួញ រិទ្ធថា បានថ្លែងឱ្យដឹងពីអនុគម្រោងនេះរួមមាន៖
១-ប្រព័ន្ធបណ្តាញបំពង់ប្រមូលទឹកកខ្វក់
- ការភ្ជាប់តំណចំនួន ៤,២០០តំណ សម្រាប់ការចាប់ផ្តើមដំណើរការប្រព័ន្ធក្នុងឆ្នាំ២០២៤
- ការសាងសង់បណ្តាញបំពង់ប្រមូលមេប្រវែង ៤,៥០០ម៉ែត្រ ដែលមានជម្រៅជ្រៅរវាង ៥ម ទៅ ១០ម
- ការសាងសង់បណ្តាញបំពង់ប្រមូលមេរងប្រវែង ១៣,៦០០ម៉ែត្រ ដែលមានជម្រៅរវាង ២ម៉ែត្រ ទៅ ៥ម៉ែត្រ
- ការសាងសង់បណ្តាញបំពង់ប្រមូលតាមផ្ទះ ឬទីតាំង ដែលមានប្រវែង ៥១,០០០ម៉ែត្រ
- ការសាងសង់ស្ថានីយបូមទឹកកខ្វក់ ១កន្លែង
- ការសាងសង់បំពង់បូមបញ្ជូនប្រវែង ៧,៧០០ម៉ែត្រ
- ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់រួម មានសមត្ថភាព ១២,០០០ម៉ែត្រគូប ក្នុង១ថ្ងៃ
- អគាររដ្ឋបាល អគាររោងជាង អគារម៉ាស៊ីនភ្លើង និងអគារសន្តិសុខ នៅស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់
- ការកែលម្អផ្លូវទៅកាន់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់រួម ប្រវែង ៩០០ម៉ែត្រ
- ឧបករណ៍ប្រតិបត្តិការ និងការថែទាំ
២-ប្រព័ន្ធរំដោះទឹកភ្លៀង
- ការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀងដែលមានលក្ខណៈប្រឡាយចំហរមានគម្រប និងបំពង់លូមូលប្រវែង សរុប ២០,០០០ម៉ែត្រ
- សំណង់ទ្វារទឹកដើម្បីរំដោះទឹកភ្លៀងចូលទៅក្នុងស្ទឹងសង្កែចំនួន ៣កន្លែង
- សំណង់បង្ហូរទឹកភ្លៀងចោលទៅក្នុងប្រព័ន្ធប្រឡាយចំនួន ១កន្លែង ។
លោក ថ្លែងបញ្ជាក់ គម្រោងនេះ គ្រោងចំណាយថវិកាចំនួនជិត ៣០លានដុល្លា នឹងការសាងសង់រួចរាល់នៅឆ្នាំ២០២៤៕
ដោយ៖ មឿន ឌីណា (Moeun Dyna)