Register Already an agent ? Login

គម្រោងសាងសង់ផ្លូវជាតិ ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាបប្រវែងជាង ៧២គីឡូម៉ែត្រ បានឈានដល់បញ្ចប់ការវាយតម្លៃការប៉ះពាល់បរិស្ថាន

ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប) ប្រវែងសរុប ៧២.១៥៤គីឡូម៉ែត្រ បានឈានដល់ការបញ្ចប់វាយតម្លៃលើរបាយការណ៍ ការប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ។ បើតាមកិច្ចប្រជុំអន្ដរក្រសួង កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលដឹកនាំដោយ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការរបស់ក្រសួងបរិស្ថាន។

បើតាមលទ្ធផលនៃកិច្ចប្រជុំដាក់សម្រចនូវ ១០ចំណុច​ដាក់ទៅឱ្យក្រុមហ៊ុនគម្រោងសាងសង់ផ្លូវនេះរួមមាន៖

1- អង្គប្រជុំគាំទ្រលើគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ប្រវែង ៧២.១៥៤គីឡូម៉ែត្រ។

2- គម្រោងត្រូវមានផែនការការងារច្បាស់លាស់ និងត្រូវសហការល្អជាមួយអាជ្ញាធ និងប្រជាសហគមន៍មូលដ្ឋាន លើការដោះស្រាយផលប៉ះពាល់ និងត្រូវទទួលខុសត្រូវលើសំណងការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិសាធារណៈ និងឯកជន។

3- ម្ចាស់គម្រោងត្រូវដាក់ស្លាកសញ្ញាសម្គាល់នានាសម្រាប់ផ្តល់ដំណឹងជូនប្រជាពលរដ្ឋដែលធ្វើចរាចរ  កាត់តាមតំបន់គម្រោង ដើម្បីការពារគ្រោះថ្នាក់ជាយត្ថាហេតុ។

4- ម្ចាស់គម្រោងត្រូវគិតគូរអំពីការពារសុខភាព និងសុវត្ថិភាពកម្មករនិយោជិតបម្រើការងារនៅក្នុងគម្រោង និងត្រូវរៀបចំចុះបញ្ជីបណ្ណ ប.ស.ស។

5- ម្ចាស់គម្រោងត្រូវគ្រប់គ្រងអាចម៍ដីស្រទាប់លើកម្ទេចកម្ទីថ្មដែលមិនប្រើប្រាស់សម្រាប់ផលិតកម្ម និងសំណល់ភក់ឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ព្រមទាំងត្រូវមានទំនប់ និងប្រឡាយទឹកព័ទ្ធជុំវិញការដ្ឋានការពារលេចជ្រាបទឹក ឬសំណល់រាវចេញពីតំបន់គម្រោង ឬពីការដ្ឋានចូលដីស្រែ ចម្ការ និងប្រភពទឹក និងកែច្នៃថ្មអារដោយធ្វើការចម្រោះដើម្បីយកទឹកទៅប្រើប្រាស់ឡើងវិញ។

6- ម្ចាស់គម្រោងត្រូវចិត្តទុកដាក់លើការគ្រប់គ្រងសំណល់រឹង-រាវដែលបង្កឡើងដោយសកម្មភាពរបស់គម្រោង ជាពិសេសគ្រប់គ្រងការបំពុលខ្យល់ សំឡេង និងរំញ័រឱ្យបានត្រឹមត្រូវដោយត្រូវគោរពអនុវត្តន៍ទៅតាមស្តង់ដារក្រសួងបរិស្ថាន និងណែនាំពីមន្រ្តីជំនាញបច្ចេកទេស។

7- ម្ចាស់គម្រោងត្រូវចូលរួមដាំដើមឈើនៅជុំវិញបរិវេណគម្រោង និងចូលរួមដាំស្ដារព្រៃឈើ និងថែរក្សាព្រៃឈើនៅក្នុងតំបន់ និងក្រៅតំបន់អាជីវកម្មគម្រោងជាមួយស្ថាប័នជំនាញ រដ្ឋបាលមូលដ្ឋានពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន ដែលនៅជិតទីតាំងរបស់គម្រោង។

8- ម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់លើការជួសជុល និងថែទាំផ្លូវនានាដែលពាក់ព័ន្ធនឹងគម្រោង និងអប់រំដល់អ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោក។

9- ម្ចាស់គម្រោងត្រូវស្រោចទឹកជាប្រចាំយ៉ាងតិច ៣ដង/ថ្ងៃ នៅលើផ្លូវដឹកជញ្ជូន ដើម្បីកាត់បន្ថយការហុយធូលីទៅលើលំនៅដ្ឋានប្រជាពលរដ្ឋ

10- ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវកែសម្រួលរបាយការណ៍ទៅតាមមតិយោបល់ទាំងអស់របស់អង្គប្រជុំអន្ដរក្រសួង ដើម្បីដាក់បញ្ចូលទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន  និងសង្គមពេញលេញ។

ដោយ៖ មឿន ឌីណា (Moeun Dyna)