Register Already an agent ? Login

លោក គង់ សោភ័ណ្ឌ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងប្រវែងជិត ១គីឡូម៉ែត្រ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល

កណ្ដាល៖ គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេប្រវែង ៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។ បើតាមរដ្ឋបាលខេត្តកណ្ដាល។

ផ្លូវបេតុង ១ខ្សែនេះ ជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងស្រុកកៀនស្វាយ សម្រាប់បម្រើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរ ដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលពីមុនផ្លូវនេះជាផ្លូវលំដី មានការលំបាកក្នុងការធ្វើដំណើរ។ នេះជាថ្លែងរបស់ លោក គង់ សោភ័ណ្ឌ បនបញ្ជាក់ថា ការកែផ្លូវលំដីជាផ្លូវបេតុង ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចប្រជាពលរដ្ឋទូទៅផងដែរ។

លោក ​អភិបាលខេត្តកណ្ដាល បានលើកឡើងថា ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក «ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព។

លោក គង់ សោភ័ណ្ឌ បានលើកឡើងបន្តថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ការកសាងស្ពាន ផ្លូវ ប្រព័ន្ធធារាសាស្រ្ត ការតភ្ជាប់បណ្តាញអគ្គីសនី បណ្តាញទឹកស្អាត ជាដើម គឺជាការងារអទិភាពនៅនឹងមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ទីណាមានការលំបាក ទីនោះមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលតាមរយៈមន្រ្តីរដ្ឋាភិបាលដែលកំពុងរស់នៅ និងបម្រើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នាឱកាសនោះ លោក​អភិបាល ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការនៅគ្រប់មន្ទីរវិស័យ ត្រូវយកចិត្តទុកដាក់លើបញ្ហាជីវភាពរស់នៅសុខុមាលភាព និងការបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ មានការទទួលខុសត្រូវខ្ពស់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)