កណ្ដាល៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារព្យាបាលជំងឺទូទៅនៃមណ្ឌលសុខភាពពោធិ៍រាម្មា នៅក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ដែលចំណាយថវិកា ២,៧៥,០០០ដុល្លារ។
នៅក្នុងពិធីសម្ពោធអគារមណ្ឌលសុខភាពពោធិ៍រាម្មា លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា ដែលបានចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាលដើម្បីស្ដារ ជួសជុល សាងសង់មណ្ឌលសុខភាពពោធិ៍រាម្មាឡើងវិញ។
លោក បានថ្លែងបន្តថា ជាពិសេស សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងក្រុមគ្រូពេទ្យ រួមទាំងមន្ត្រីបុគ្គលិករបស់មន្ទីរពេទ្យព្រែកស្ដី ដែលបានរួមចំណែកទាំងអស់គ្នាក្នុងការធ្វើឱ្យមណ្ឌលសុខភាពនេះលេចចេញជារូបរាងឡើងនៅពេលនេះ។
នាឱកាសនោះ លោក រដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការគិតគូរអំពីសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋតាមការណែនាំ និងផ្ដល់អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេច តែងតែណែនាំឱ្យក្រុមការងារជួយមើលថែទាំសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋចុះឱ្យកៀកប្រជាពលរដ្ឋ ផ្ដល់សេវាសាធារណ:សេវាចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋធ្វើឱ្យបានលឿន តម្លាភាពធ្វើឱ្យមានប្រសិទ្ធភាព។
លោក ស៊ុន ចាន់ថុល ក៏បានថ្លែងបញ្ជាក់ផងដែរអំពីគម្រោងបន្តស្តារ និងជួសជុលមណ្ឌលសុខភាពនៅស្រុកកោះធំបន្ថែមទៀត ជាពិសេសមណ្ឌលសុខភាពដែលនៅឆ្ងាយៗ ដើម្បីឱ្យប្រជាពលរដ្ឋអាចស្វែងរកនិងទទួលបានកន្លែងព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយជម្រើសសម្បូរបែប។
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានថ្លែងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រមែប្រមូលថវិកា ដើម្បីធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យតេជោ សែន កោះធំ ដែលជាមន្ទីរពេទ្យដ៏ធំមួយនៅស្រុកកោះធំ មានគ្រែចំនួន១៥០ ទំនើបជាងមន្ទីរពេទ្យមួយចំនួននៅតាមបណ្ដាខេត្តមួយចំនួន។
គូសបញ្ជាក់ថា គម្រោងស្ដារ ជួសជុល សាងសង់មណ្ឌលសុខភាពនេះបានចំណាយថវិកាសរុបប្រមាណ ២,៧៥,០០០ ដុល្លារ ក្នុងនោះថវិកាសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជាចំនួន ១៥០,០០០ដុល្លា និងថវិការបស់រាជរដ្ឋាភិបាលចំនួន ១២៥,០០០ដុល្លារ ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)