កណ្ដាល៖ វឌ្ឍនភាព គម្រោងសាងសង់មន្ទីរពេទ្យតេជោ សែន កោះធំ នៅខេត្តកណ្ដាល ចំណាយថវិកាសរុបទាំងអស់ប្រមាណ ១០លានដុល្លារ សម្រេចបាន ១១,៨៨ភាគរយ គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
អគារមន្ទីរពេទ្យតេជោ សែន កោះធំ ដែលបានប្រារព្វពិធីក្រុងពាលីបុកគ្រឹះសាងសង់កាលពី ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ វឌ្ឍនភាពការងារសាងសង់បាន ១១,៨៨%ហើយ នៃការងារសាង សង់អគារធំ (អគារ A) កម្ពស់២ជាន់ ការងារសាងសង់អគារឆ្វេង (អគារ B) កម្ពស់១ជាន់ ការងារសាងសង់អគារឆ្វេង (អគារ C) កម្ពស់១ជាន់ និងការងារសាងសង់របងមន្ទីរពេទ្យ។
មន្ទីរពេទ្យសែន កោះធំ សាងសង់លើផ្ទៃដីប្រមាណ ១.៣ហិកតា (មានទំហំផ្ទៃអគារសរុប ១២,៥៤៤.៤ ម៉ែត្រការ៉េ) ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល។ មន្ទីរពេទ្យនេះ គ្រោងប្រើប្រាស់ពេលសាងសង់ចំនួន ១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ ការសាងសង់នៅខែធ្នូ ឆ្នាំ២០២២។
មន្ទីរពេទ្យនេះ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ ១០លានដុល្លារ ក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ ៦លាន២សែនដុល្លារ និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារថែមទៀត។
គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន ៣ខ្នង ១-អគារមន្ទីរពេទ្យចំនួន ១ខ្នងមាន ៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣,៥១៤.៨ម៉ែត្រការ៉េ ជាន់ទី១ មានទំហំ ៣,៥១៤.៨ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣, ៥១៤.៨ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០,៥៤៤.៤ម៉ែត្រការ៉េ ២-អគារខាងឆ្វេងចំនួន ១ខ្នងមាន ២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១,០០០ម៉ែត្រការ៉េ ៣-អគារខាងស្តាំចំនួន ១ខ្នង មាន ២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១,០០០ម៉ែត្រការ៉េ។
គម្រោងសាងសង់អគារថ្មី នៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិត ផ្តួចផ្តើមរបស់ លោក ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ ប្រជាពលរដ្ឋ។
មន្ទីរពេទ្យនេះ នឹងក្លាយជាទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្ត កណ្តាល និងស្រុកព្រៃ កប្បាស នៃខេត្តតាកែវផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)