Register Already an agent ? Login

លោក ស៊ុន ចាប់៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅខែកក្កដា ឆ្នាំ២០២២

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ផ្លូវល្បឿនលឿនពី រាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ។

កិច្ចប្រជុំខាងលើធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតី ភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២២ ព្រមទាំងដាក់ឱ្យប្រើប្រាស់ជាផ្លូវការតែម្តង។

ជាក់ស្ដែង តាមផែនការដំបូងបង្អស់ផ្លូវនេះ នឹងត្រូវសង់រួចរាល់នៅខែមីនា ឆ្នាំ២០២៣ ឯណោះ តែក្រោយមកពន្លឿនមកខែកញ្ញា ឆ្នាំ២០២២ ហើយពេលនេះ ពន្លឿនមកខែ កក្កដា។ បើតាមការថ្លែងបន្តទៀតរបស់ លោក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ថែមថា ក្រោយបើកឱ្យប្រើប្រាស់សាកល្បង ក្រសួងនឹងស្នើទៅក្រុមហ៊ុនឱ្យមិនទាន់គិតថ្លៃសេវាទេ ក្នុងដំណាក់ដំបូង ដោយនឹងស្នើឱ្យយកថ្លៃទាបក្នុងជំហានបន្ទាប់។

«ការដាក់ដំណើរការផ្លូវល្បឿនលឿន ជាបណ្តោះអាសន្ននេះ ស្របពេលដែលក្រសួងចាប់ផ្តើមបើកការដ្ឋានពង្រីកទំហំ ផ្លូវជាតិលេខ៤ (ពីភ្នំពេញ ទៅខេត្តព្រះសីហនុ) ពី៧ម៉ែត្រ ទៅ១១ម៉ែត្រ»។ បើតាមថ្លែងបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល បានបន្តថា ទន្ទឹមនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ ក្រសួងនឹងផលិតស្ពតពាណិជ្ជកម្មពន្យល់ណែនាំ ពីការប្រើប្រាស់ផ្លូវល្បឿនលឿន ដោយសារតែប្រជាពលរដ្ឋកម្ពុជាមួយចំនួន មិនយល់ច្បាស់ពីការប្រើប្រាស់ផ្លូវល្បឿនលឿននៅឡើយ។ ក្នុងនោះដែរ ផ្លូវនេះនឹងមិនអនុញ្ញាតឱ្យម៉ូតូតូច និងរថយន្តដែលបើកបើរក្នុងល្បឿនយឺត ៣០គីឡូម៉ែត្រក្នុងមួយម៉ោងបើកបរនោះទេ។

លោក រដ្ឋមន្រ្តីបានថ្លែងបន្ថែមទៀតថា ផ្លូវនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពីចំនួន ៥ម៉ោង ថយមកត្រឹមតែ ២ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ។ លោក ថា ដោយសារភាពសំខាន់ទាំងអស់នេះហើយ ទើបជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិសេសក្រុមការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាន់តែបង្កើនល្បឿននៃការសាងសង់ ដើម្បីដើម្បីបញ្ចប់ការងារក្នុងពេលវេលាដែលបានកំណត់ទុក។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ពីអំពីវឌ្ឍនភាពនៃគម្រោងសម្រេចបាន កំពុងបន្ត និងគម្រោងនាពេលអនាគតដែលក្នុងនោះរួមមាន៖

ការពង្រឹងគុណភាពផ្លូវជាតិលេខ១ ពីអ្នកលឿងទៅព្រំដែនវៀតណាម គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២ និងលេខ២២ ការបញ្ចប់គម្រោងសាងសង់ផ្លូវជាតិលេខ៣ជាស្ថាពរ គម្រោងស្តារផ្លូវជាតិលេខ៤ ភ្នំពេញ-ក្រុងព្រះសីហនុ ដោយ ពង្រីកទទឹងតួផ្លូវពី ៧ម៉ែត្រទៅ ១១ម៉ែត្រ ការសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ពី បាត់ដំបងទៅសិរិសោភ័ណ។

គម្រោងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៦ ពីក្រុងសៀមរាបទៅស្រុកក្រឡាញ់ រហូតសិរីសោភ័ណ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង៩៣.៥៦គីឡូម៉ែត្រ ពីខ្លាស្ទុះទៅខេត្តក្រចេះ ស្រុករមាត និងបានស្នើចិន ដើម្បីបន្តស្ដារផ្លូវនេះទៅដល់ព្រំដែនកម្ពុជា ឡាវ-ត្រពាំងក្រៀល។

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាមដោយពង្រីកពីពីរគន្លងទៅ ៤គន្លង រួមជាមួយនឹងការបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ៣ទីតាំង គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៨ ពីរង្វង់មូលស្ពានព្រែកតាមាក់ទៅស្វាយអន្ទរប្រវែង ៥៥គីឡូម៉ែត្រ ក្នុងនោះ ២.៥គីឡូម៉ែត្រ ពង្រីកពី ២គន្លង ទៅ៤គន្លង ក្រៅពីនោះត្រូវជួសជុល ដោយប្រើកៅស៊ូពីរ ស្រទាប់ស្តើង(DBST) ជាបណ្តោះអាសន្ន រង់ចាំថវិកាដែលបានដាក់ស្នើទៅចិនសម្រាប់ការស្តារផ្លូវនេះ ឡើងវិញទាំងស្រុង។

បន្ថែមពីលើនេះ លោក រដ្ឋមន្ត្រី បានលើកឡើងអំពីការបញ្ចប់គម្រោងសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប តាមផែនការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ គម្រោងសាងសង់ស្ពានចាក់អង្រែក្រោម ការបញ្ចប់គម្រោងសិក្សាស្ពានស្វាយជ្រុំបច្ចុប្បន្ន កំពុងពិនិត្យលើជម្រើសប្រភេទស្ពានដែលស្នើឡើងដោយភាគីកូរ៉េ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ ផ្លូវជាតិលេខ៣ ចំនួន ២០គីឡូម៉ែត្រ (កំពត-វាលរេញ) ដែលទាមទរឱ្យមានការសិក្សាលម្អិតដើម្បីធានា ឱ្យផ្លូវនេះជាប់រឹងមាំយូរអង្វែង។

ជាមួយគ្នានេះផងដែរ លោក ស៊ុន ចាន់ថុល ថ្លែងអំពីវឌ្ឍនភាពមុខងាររាយការណ៍ជង្ហុក សំបុកមាន់ចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០២១ ចំនួនអ្នកទាញយកកម្មវិធីនេះមកប្រើប្រាស់សរុបមានចំនួន ២៩,០៥៧នាក់ ការងារបានការសរុបមានចំនួន ៥,៤២២ករណី បានដោះស្រាយ ៣,៥១៧ករណី ស្មើនឹង ៧០% បានជួសជុល ១,០៣៨ករណី ដាក់ចូលផែនការឆ្នាំ ៧១៨ករណី បញ្ជូនទៅសមត្ថកិច្ចផ្សេង ១៧៦១ករណី និងរង់ចាំដំណោះស្រាយ ១,៦៣៤ករណី ស្មើនឹង៣០% ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ និងបន្តរៀបចំវគ្គបណ្តុះបណ្តាលនេះដល់មន្ត្រីនគរបាលចរាចរណ៍ នៅតាមរាជធានី-ខេត្តបន្ថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)