ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រា ៤,៨ភាគរយ ដែលធ្វើឱ្យផលិតផលសរុប (ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្ចង់ ១២៤,១៦២ប៊ីលានរៀល (ប្រមាណ ៣០,៥៤៤លានដុល្លារ) ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១,៨៤២លានដុល្លារ បើធៀបនឹងឆ្នាំ២០២១ ប្រមាណ ១,៣៤០លានដុល្លារ។ បើតាមថវិកាសង្ខេបឆ្នាំ២០២២ នៃនាយកដ្ឋានថវិកានីយកម្ម អគ្គនាយកដ្ឋានថវិកា។
ថវិកាសង្ខេបឆ្នាំ២០២២ បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា ៤,៨% គាំទ្រដោយវិស័យសំខាន់ៗចំនួន ៣គឺ វិស័យឧស្សហកម្ម សេវាកម្ម និងកសិកម្មរួមមាន៖
វិស័យឧស្សហកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានក្នុងអត្រា ៧,៦ភាគរយ ក្នុងឆ្នាំ២០២២ ពីកំណើន ៥,៦ភាគរយ ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈ អនុវិស័យសំណង់ត្រូវបានរំពឹងថាននៅបន្តសម្រេចបានកំណើនទាប។ អនុវិស័យកាត់ដេរ ត្រូវបានរំពឹងថាបន្តកើនឡើង ដោយសារការរំពឹងទុកភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ជាពិសេសទីផ្សារអាមេរិក និងចិន ស្របជាមួយគ្នាការរំពឹងទុក ការបង្វែតរោងចក្រពីប្រទេសមីយ៉ាន់ម៉ា។
ជាមួយគ្នានេះ អនុវិស័យកាត់ដេរត្រូវបានរំពឹងថា នឹងអាចជួបប្រទះនូវហានិភ័យមួយចំនួន ជាពិសេស ការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ និងការផ្ទុះជាទ្រង់ទ្រាយធំក្នុងរោងចក្រ ដែលបណ្ដាលឱ្យប៉ពាល់ដល់សកម្មភាពផលិតកម្ម និងការផ្គត់ផ្គង់ ទោះបីតម្រូវការខាងក្រៅនិងមួយផ្នែកទៀតដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលអាចបន្តជំរុញការនាំចេញផលិតផលសំខាន់ៗរួមមាន៖ គ្រឿងសង្ហារិម ស្បែកសត្វមានរោម ក្តារកុងប្លាកេ ឈើមូលឫឈើអារ និងឈើ វត្ថុសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក សូឡា គ្រឿងអេឡិចត្រូនិក និងភាគបំណែក ខ្សែភ្លើង និងបង្គុំខ្សែភ្លើង កៅស៊ូ ចេក ស្ករ ដំឡូងមី ស្វាយ និងកសិផលផ្សេងៗជាដើម។
ទន្ទឹមនេះ ការចេញនូវច្បាប់ស្ដីពី «វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» នឹងអាចរួមចំណែកបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែមានភាទាក់ទាញ និងប្រជាងមុន។
វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងបន្តកើនឡើងក្នុងអត្រា ៤,១ភាគរយ ក្នុងឆ្នាំ២០២២ ពីកំណើន ០,៣ភាគរយ ក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញសន្សឹមៗនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេចរណ៍ផ្សេងទៀត។ អនុវិស័យទាំងពីរនេះ ត្រូវបានរំពឹងថានឹងងើបឡគើងវិញ ប៉ុន្តែស្ថិតក្នុងកម្រិតទាប ទាំងទំហំ និងអត្រាកំណើន ដោយសារការំពឹងទុកការងើបឡើងវិញក្នុងល្បឿនយឺតនៃភ្ញៀវទេសចរអន្តរជាតិ។ ខណៈដែលភ្ញៀវទសចរជាតិត្រូវបានរំពឹងថា នឹងងើបឡើងវិញក្នុងសម្ទុះលឿនជាងនៅពេលដែលការរាតត្បាតក្នុងសហគមន៍មានការស្រាកស្រាន្ត និងគ្រប់គ្រងបាន។
ជាមួយគ្នា អនុវិស័យអចលនត្រព្យមាននិន្នាការដូចគ្នាទៅនឹងវិស័យសំណង់ដែលត្រូវបានរំពឹងថានឹងបន្តកំណើនទាប ដោយសារការរំពឺងទុកនៃការងើបឡើងជាបណ្ដើរៗនូវទំនុកចិត្តវិនិយោគនិងកំហូរវិនិយោគទុនពីបរទេស។
វិស័យកសិកម្ម ត្រូវបានព្យាករថា នឹងបន្តកើនឡើងក្នុងអត្រា ១,១ភាគរយ ក្នុងឆ្នាំ២០២២ បើប្រៀបធៀបកំណើន ១,៤ភាគរយ ក្នុងឆ្នាំ២០២១ ដោយសារការរំពឺងទុកនៃការបន្តកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ។ អនុវិស័យដំណាំត្រូវបានរំពឹងថានឹងបន្តកំណើនល្អប្រសើរ ដោយសារការរំពឹងទុកកំណើនល្អប្រសើរនៃការនាំចេញផលិតផលកសិកម្ម ជាពិសេសដំណារួមផ្សំនឹងឧស្សាហកម្មដែលនឹងបន្តជំរុញ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួបផ្សំជាមួយនឹងការងន្តរាគមន៍របស់រាជរដ្ឋាភិបាល ជាពិសការផ្ដល់ហិញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)