Register Already an agent ? Login

សារមន្ទីរកុំព្យូទ័រកម្ពុជា កំពុងសាងសង់នៅក្នុងរមណីយដ្ឋានរាជនីលង្វែក ដែលកំពុងបញ្ចេញសក្ដានុពលនាទឹកដីខេត្តកណ្ដាល

កណ្ដាល៖ លោក អ៊ិន មាន ទីប្រឹក្សាជាន់ខ្ពស់ នៃគម្រោងសាងសង់រមណីយដ្ឋានរាជិនីលង្វែក បានចុះពិនិត្យការដ្ឋានសាងសង់សារមន្ទីរកុំព្យូទ័រកម្ពុជា លើផ្ទៃដីទំហំប្រមាណ ៧ម៉ែត្រ គុណ ១៥ម៉ែត្រ នៅក្នុងទឹកដីមហារមណីយដ្ឋានរាជនីលង្វែក ស្ថិតក្នុងភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល នៅតាមបណ្តោយផ្លូវជាតិលេខ៥។

ការចុះពិនិត្យការដ្ឋានខាងលើធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក អ៊ិន មាន បានមានប្រសាសន៍បញ្ជាក់ថា ការសាងសង់សារមន្ទីរកុំព្យូទ័រកម្ពុជា នៅមហារមណីយដ្ឋានរាជនីលង្វែក ដើម្បីរម្លឹកអនុស្សាវរីយ និងលើកតម្កើងស្នាដៃខ្មែរ។

លោក អ៊ិន មាន បានថ្លែងប្រាប់គេហទំព័រ Khmerhome.com ដោយបញ្ជាក់ថា មូលហេតុដែលសាងសង់សារមន្ទីរកុំព្យូទ័រកម្ពុជា នៅក្នុងមហារមណីយដ្ឋានរាជិនីលង្វែក ដោយបានឃើញពីសក្ដានុពលនៅរមណីយដ្ឋាននេះ ចង់ឱ្យមានអ្នកទៅចូលទៅស្សនាបានច្រើន ក្នុងគោលបំណងទទួលបាននូវចំណេះដឹងនិងព័ត៌មាន ក៏ដូចជាបទពិសោធន៍កន្លងមកផ្ដល់ទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យពួកគាត់។

បើតាម លោក អ៊ិន មាន បានមានប្រសាសន៍បញ្ជាក់ទៀតថា ដើមចមក្នុងការសាងសង់សារមន្ទីរកុំព្យូទ័រកម្ពុជា មានគោលគំនិតសំខាន់ៗចំនួន ៤រួមមានគឺ៖

ទី១- ដើម្បីបង្ហាញទៅកាន់អ្នកទស្សនាឱ្យបានដឹង អំពីប្រវត្តិកកើតនៃកុំព្យូទ័រ។ ទី២- ដើម្បីរម្លឹកអនុស្សាវរីយដំបូងៗរបស់កុំព្យទ័រនៅកម្ពុជា ដូចជាសាលាកុំព្យូទ័រដំបូង ប្រភេទកុំព្យូទ័រដំបូង និងរូបថតអនុស្សាវរីយជាច្រើនទៀត។

ទី៣- នឹងប្រមែប្រមូល Software ចាស់ៗដែលខ្មែរយើងប្រើពីដំបូងដើម្បីបង្ហាញទៅកាន់អ្នកមិនធ្លាប់បានប្រើ និងមិនធ្លាប់បានដឹង។ ទី៤- ចង់ឱ្យសារមន្ទីរកុំព្យូទ័រកម្ពុជានេះ ជាកន្លែងទទួលស្គាល់ស្នាដៃរបស់ខ្មែរយើងទាំងចាស់ទាំងថ្មី រហូតដល់អនាគតកាល និងផ្សព្វផ្សាយដាក់បង្ហាញស្នាដៃបង្កើតឡើងដោយខ្មែរទាំងអស់។

ទីប្រឹក្សាជាន់ខ្ពស់ដដែល បានថ្លែងប្រាប់គេហទំព័រ Khmerhome.com បន្តថា មូលហេតុមួយទៀតដែល លោក សម្រេចចិត្តជ្រើសរើសសាងសង់សារមន្ទីរកុំព្យូទ័រកម្ពុជា នៅក្នុងមហារមណីយដ្ឋានរាជិនីលង្វែក ដោយជឿជាក់នាពេលនាគតថា នៅពេលមហារមណីយដ្ឋានរាជិនីលង្វែកស្ថាបនារួចរាល់ នឹងមានភ្ញៀវទេសចរប្រមាណពី ២ម៉ឺន ទៅ៣ម៉ឺននាក់ ក្នុងមួយខែ មកទស្សមហារមណីយដ្ឋាននេះ។ ជាមួយគ្នានេះ ទេសចរក្នុងស្រុកដែលមកទស្សនារាប់ម៉ឺននាក់នេះនឹងទទួលបានសារប្រយោជន៍ និងចំណេះដឹងនឹងប្រវត្តិកុំព្យូទ័រ ពីសារមន្ទីរកុំព្យូទ័រកម្ពុជា។

ការសាងសង់សារមន្ទីរព្យូទ័រកម្ពុជា នៅមហារមណីយដ្ឋានរាជិនីលង្វែក ដើម្បីជួយជំរុញប្រជាប្រិយភាព និងបន្ថែមនូវសក្ដានុពលរបស់រមណីយដ្ឋាននេះផងដែរ។ ម្យ៉ាងទៀត សារមន្ទីរនេះ នឹងនាំមកនូវតឹកតាងដែលជាស្នាដៃកូនខ្មែរ កាលពីមិនទាន់មានបច្ចេកវិទ្យាទំនើបៗនៅឡើយ។ បើតាមការលើកឡើងបន្តរបស់ លោក អ៊ិន មាន បានបន្តទៀតថា នៅក្នុងមហារមណីយដ្ឋាននេះ ក៏បានរៀបចំតំបន់ភូមិដ្ឋានបែប វប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ លង្វែក សម័យសន្តិភាព ឡើងដើម្បីផ្តល់ឱកាសដល់មហាជនមកទិញដីសម្រាប់ប្រកបអាជីវកម្ម និងផ្តល់សេវាកម្មជូនដល់អតិថិជនរាប់ម៉ឺននាក់ ដែលមកលេងនៅក្នុងមហារមណីយដ្ឋានរាជិនីលង្វែក។

ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោងខាងលើ ក៏បានបន្តឱ្យដឹងទៀតថា តំបន់ភូមិដ្ឋានបែប វប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ មានដីសម្រាប់លក់ជូនបងប្អូនមហាជនដូចជា៖ ១. ដីតំបន់សិល្បៈ វប្បធម៍ ២.តំបន់បឹងកាឡូ ៣.តំបន់លំនៅដ្ឋាន និងផ្ទះលម្ហែ ៤.ភោជនីយដ្ឋាន ៥.ហាងកាហ្វេ និងហាងលក់អាហារសម្រន់ ៦.តំបន់ ផាប់ស្រ្ទីត ៧.ការិយាល័យផ្តល់ពត៌មាន ៨.កន្លែងជួលកង់ ៩.កន្លែងលក់វត្ថុអនុស្សាវរីយ៍ ១០.មជ្ឈមណ្ឌលសុខភាពធម្មជាតិ ១១.ហាងលក់សំលៀកបំពាក់សម័យបុរាណ ១២.ឱសថស្ថាន ម៉ាត ១៣.តំបន់អាំងសាច់ BBQ លក្ខណៈគ្រួសារ និងមានកន្លែងកម្សាន្តជាច្រើនផ្សេងៗទៀត។

ភូមិលង្វែកសម័យសន្តិភាព មានផ្ទៃដីប្រមាណ ៣០ហិកតា។ ហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិនេះ គឺយកលំនាំតាម​រចនាប័ទ្ម​ដើមបន្ទាយលង្វែកបុរាណ។ ក្នុងភូមិនេះគ្របដណ្ដប់ទៅដោយដើមឬស្សី និងសួនផ្កាជាច្រើនប្រភេទ ដែលអនុញ្ញាតឱ្យម្ចាស់ អាជីវកម្មដែលរស់នៅភូមិនេះស្រូបយកខ្យល់អាកាសបរិសុទ្ធ មានផាសុកភាព និងអាចបើកអាជីវកម្មបានតាមជំនាញរបស់ខ្លួន។ បើតាមការលើកឡើងឱ្យដឹងបន្ថែមរបស់ លោក អ៊ិន មាន។

លោក កង សុវណ្ណថា សហស្ថាបនិកនិង​ជា​អគ្គនាយកក្រុមហ៊ុនខ្មែរអិចប្រេស រៀលធី ឯ.ក បានឱ្យដឹងថា បច្ចុប្បន្ន​ មានបងប្អូនមហាជនជាច្រើន បានចាប់យកឱកាសពិសេស ដោយបាននាំគ្នាមកទិញដីសម្រាប់ប្រកបអាជីវកម្ម និងមកស្រូបយកខ្យល់អាកាសបរិសុទ្ធ និងថតរូបភាពស្អាតៗតាមសួនផ្សេងៗ និងថតរូបតែងបែបបុរាណខ្មែរ។ ជាមួយគ្នាក៏អាចជួលកង់ជិះក្នុងមហារមណីយដ្ឋាននេះផងដែរ។

លោក កង សុវណ្ណថា ក៏បានបន្តទៀតថា លើសពីហ្នឹងទៀត ក៏មានមហាជនជាច្រើនទៀត បានមកទិញដីសម្រាប់ទុកសម្រាកលម្ហែកាយ និងទុកជួលយកប្រាក់កម្រៃផងដែរ។ មហាជនមកពីគ្រប់ខេត្តក្រុង អាចទិញទុកសម្រាប់លម្ហែថ្ងៃចុងសប្តាហ៍ ហើយក៏អាចដាក់ជួលពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្របានផងដែរ ហើយអតិថិជនក៏អាចដាក់ ជួលទីតាំងរបស់គាត់ឱ្យទៅអាជីវករ ដែលចង់មកប្រកបអាជីវកម្មនៅក្នុងតំបន់លំនៅដ្ឋាន វប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍ សម័យសន្តិភាពនេះបានផងដែរ។

សហស្ថាបនិកនិង​ជា​អគ្គនាយកក្រុមហ៊ុនខ្មែរអិចប្រេស បានបន្ថែមឱ្យដឹងទៀតថា លើសពីនេះទៅទៀត បងប្អូន មា មីង អ៊ុំ ពូ ដែលមិនទាន់បានអញ្ជើញទៅលេងកម្សាន្តនៅមហារមណីយដ្ឋានរាជិនីលង្វែកអាច ទាក់ទងទៅក្រុមការងារប្រចាំការនៅក្នុងមហារមណីយដ្ឋានដើម្បី កក់កញ្ចុះសម្រាប់សម្រាកលម្ហែបែបលក្ខណៈឯកជន គ្រួសារនិងមិត្តរួមក្រុមការងារដោយឥតគិតថ្លៃ។

គួរបញ្ជាក់ថា ការធ្វើដំណើរមកមហារមណីយដ្ឋានរាជិនីលង្វែក ចំណាយពេលជាង ១ម៉ោង ឬក៏ ៤៥នាទីតែប៉ុណ្ណោះ ពីវត្តភ្នំតាមបណ្ដោយផ្លូវជាតិលេខ៥។ បើធ្វើដំណើរពីភ្នំពេញមករមណីយដ្ឋាននេះ គឺជិតជាងទៅភ្នំឧដុង្គ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៣ បត់ស្ដាំចូលពីផ្លូវជាតិ៥ ចម្ងាយជិត ៣គីឡូម៉ែត្រ។

ផ្លូវចូលទៅរមណីយដ្ឋានរាជិនីលង្វែក មានច្រកចូលចំនួន ៣គឺ៖ ១.តាមច្រកចូលរបស់រមណីយដ្ឋានជាប់ផ្លូវជាតិលេខ៥ ២.តាមខ្លោងទ្វារវត្តពោធិ៍កំបោរ និងទី៣.តាមផ្លូវមាត់ទន្លេសាប ត្រង់វិមាន លោកយាយ ជំទាវ ម៉ៅ។

គួរម្លឹកថា គម្រោងសាងសង់មហារមណីយដ្ឋានរាជិនីលង្វែក បានចាប់ផ្ដើមកសាងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ ២០០ហិកតា ដោយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់លោក ជំទាវឧកញ៉ាស្ថាបនិក សៀង ចាន់ហេង។ មហារមណីយដ្ឋានរាជិនីលង្វែក មានទីតាំងស្ថិតក្នុង ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល នៅតាមបណ្តោយផ្លូវជាតិលេខ៥៕

ដោយ៖ មឿន ឌីណា (Moeun Dyna)