Register Already an agent ? Login

គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ មកផ្លូវជាតិលេខ៤ សម្រេចបានជាង ៦គីឡូម៉ែត្រ

កំពត​៖ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូនីយកម្ម និងសំណង់ បានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវថ្មី តភ្ជាប់ឧទ្យានជាតិ​ព្រះមុនីវង្សបូកគោ​ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច PK១៥៨+២០០​ អនុវត្ត​បាន ៤៥ថ្ងៃ​ ដោយសម្រេចបាន​ ៦.៥គីឡូម៉ែត្រ។

លោក ​ជា សុផារ៉ា បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តថា មុខព្រួញអ្នកឧកញ៉ា សុខ គង់ ធើ្វពីខ្នងភ្នំចុះក្រោម។ ឧកញ៉ាម៉ុង ឬទ្ធី​ អនុវត្តការដ្ឋានបើកផ្លូវពីផ្លូវជាតិលេខ៤ ទៅតភ្ជាប់គ្នា ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ។

បើតាមទំព័រហ្វេសប៊ុករបស់ លោក រដ្ឋមន្រ្តីដដែល បានបន្តទៀតថា នេះជាការសម្រួលដល់ការធើ្វដំណើរនិងការគាំទ្រដល់ការវិនិយោគ។ ឧទ្យានជាតិដ៏ពិសិដ្ឋ​នេះ​ រងការខូចខាតនិងខាតបង់ពេលវេលារាប់រយឆ្នាំ​ដោយ​សារសង្គ្រាម។

គួររម្លឹកថា អ្នកឧកញ៉ាសុខ គង់ និងឧកញ៉ាម៉ុង ឬទ្ធី បានឯកភាពគ្នាទទួលរ៉ាប់រងរាល់ការចំណាយលើស្ថាបនាផ្លូវខាងលើនេះ។ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោក ជា សុផារ៉ា ជាអ្នកសម្របសម្រួល អ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)