Register Already an agent ? Login

សម្តេចតេជោ ហ៊ុន សែន៖ រយៈពេល៧ខែ កម្ពុជា ផលិតមាសបាន ១៧៥១គីឡូក្រាម នៅខេត្តមណ្ឌលគិរី

ក្រចេះ៖ នៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា រយៈពេល ៧ខែនេះ កម្ពុជា ផលិតមាសបាន ១៧៥១គីឡូក្រាម នៅខេត្តមណ្ឌលគិរី។

ពិធីខាងលើដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ថ្ងៃនេះយើងក៏ផលិតបានទៀតដែលជាទូទៅយើងផលិតបានពី ៨០គីឡូទៅ ១០០គីឡូក្រាម។ សម្ដេចតេជោ បានបញ្ជាក់ថា «មាសដែលផលិតបាននេះមិនទាន់ក្លាយជាមាសទឹកដប់នោះទេ ដោយត្រូវតែដឹកយកទៅផលិតឱ្យក្លាយជាមាសទឹកដប់នៅប្រទេសអូស្ត្រាលី»។

បើតាម សម្ដេចតេជោ បានថ្លែងបន្តទៀតថា មាសដែលផលិតបាននោះខ្លះ ១ដុំមានទម្ងន់ ២០គីឡូក្រាម ជាង ៣០គីឡូក្រាម និងខ្លះទៀតជាង ១០គីឡូក្រាម ដែលត្រូវដឹកទៅចម្រាញ់ឱ្យក្លាយជាមាសទឹកដប់ នៅប្រទេសអូស្ត្រាលី ។

ការផលិតមាស នៅក្នុងប្រទេសកម្ពុជាបានផលិតកាន់តែច្រើនទៅៗដោយសារប៉ូលសេដ្ឋកិច្ចនៅទិសឦសាន្ត គឺកសិឧស្សាហកម្ម និងធនធានរ៉ែរបស់យើង។ បើតាមការថ្លែងបន្តរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តទៀតថា យើងនៅមិនទាន់ស្រាវជ្រាវអស់ទេ ដូចជា៖ រ៉ែបុកស៊ីត រ៉ែធ្យូថ្ម និងមានកន្លែងផលិតមាសដទៃទៀត ដែលមិនទាន់បានប្រើប្រាស់នោះទេ។

គួររម្លឹកថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានបើកដំណើរការចម្រាញ់មាសលើកដំបូងរបស់ខ្លួននៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានអះអាងថា នៅពេលដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះមានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២លានតោន ក្នុង១ឆ្នាំ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)