ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីឱ្យក្រុមហ៊ុនចំនួន ៤ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រខារអំបោះ ទុនវិនិយោគសរុប ១៨.៦លានដុល្លារ និងអាចបង្កើតការងារបានចំនួនជិត ៥០០០កន្លែង ដល់ប្រជាជនក្នុងតំបន់។
ក្រុមហ៊ុនទាំង៤ ដែលបានទទួលបានការចុះបញ្ជីពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមាន៖
១- ក្រុមហ៊ុន GLOBAL XILIN GARMENT ACCESSORY CO., LTD គម្រោងបង្កើតរោងចក្រខារអំបោះ ដែលមានទីតាំងស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ា អគារលេខ៤១ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។
២- ក្រុមហ៊ុន TOYOKI APPAREL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤.៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,៩២៩កន្លែង។
៣- ក្រុមហ៊ុន KH WIN STAR GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៤១៤កន្លែង។
៤- ក្រុមហ៊ុន HONG RI (CAMBODIA) CLOTHING CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៦៨៤កន្លែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)