ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ជាង ៣៣លានដុល្លារ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។
នៅក្នុងពិធីសម្ពោធផ្លូវជាតិ៧ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧នេះ ត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ (AC) មានទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ ចែកជា ២គន្លង សម្រាប់រថយន្តចរាចរណ៍ ដោយគន្លងនីមួយៗមានទទឹង ៣.៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្តមាន ២គន្លង គន្លងនីមួយៗមានទទឹង ១.៥០ម៉ែត្រ និងចិញ្ចើមដីក្រហមសងខាងមានទទឹង ០.៥០ម៉ែត្រ។
លោក រដ្ឋមន្រ្តី បានថ្លែងបន្តថា កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេស ដែលបម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រទេស។
លោក ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងទៀតថា ជាងនេះទៀត ខ្សែផ្លូវនេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១(AH11) ឬរបៀងកណ្តាលរបស់មហាអនុតំបន់មេគង្គ(GMS) ដែលតភ្ជាប់ពីទីក្រុងគុនមីងនៅភាគខាងត្បូងនៃប្រទេសចិន ឆ្លងកាត់ទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ កាត់រាជធានីភ្នំពេញ និងឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុនៃប្រទេសកម្ពុជា។
កំណាត់ផ្លូវនេះ ក៏ជាផ្លូវជាតិដ៏សំខាន់ប្រទាក់ក្រឡាជាមួយនឹងផ្លូវជាតិមួយចំនួនទៀត សម្រាប់ជួយជំរុញការអភិវឌ្ឍតំបន់ ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដើម្បីប្រែក្លាយតំបន់ដាច់ស្រយាលរបស់ ប្រទេសទាំង៣ ជាពិសេស ខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីរបស់កម្ពុជាយើង ទៅជាតំបន់ដែលមានការអភិវឌ្ឍផងដែរ។ បើតាមការថ្លែងបន្ថែមរបស់ លោក រដ្ឋមន្រ្តីក្រសួងសាធាណរការ មនិងដឹកជញ្ជូន។
នៅក្នុងពិធីខាងលើ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានថ្លែងនូវការអបអរអរសាទរចំពោះសមិទ្ធផលនៃកំណាត់ផ្លូវជាតិលេខ៧នេះ។ លោក បានថ្លែងបន្តថា គម្រោងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ គឺជាជំនួយឥតសំណងពីរដ្ឋាភិបាលចិន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ផ្តើមការដ្ឋានសាងសង់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០១៨ ប្រើរយៈពេលសាងសង់ចំនួន ២៤ខែ។
ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានថ្លែងបញ្ជាក់ថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមកកាន់ភាគឦសាននេះ គឺមិត្តចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រើន មានដូចជាក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាដើម។ សម្តេចតេជោ បានបញ្ជាក់ថ «នឹងប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ដែលផ្តោតសំខាន់ពាក់ព័ន្ធនឹងកសិឧស្សាហកម្ម និងធនធានរ៉ែ»។
បច្ចុប្បន្ននេះ បណ្តាខេត្តនានានៅទូទាំងប្រទេសបានចងភ្ជាប់គ្នាដោយហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ជាច្រើន នៅសល់តែការចងភ្ជាប់ពីភាគពាយ័ព្យ ទៅភាគនិរតីប៉ុណ្ណោះ។ បើតាមការថ្លែងបន្តរបស់ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ស្ថានភាពកម្ពុជាបច្ចុប្បន្ន មិនដូចពីពេលមុនទៀតនោះទេ ពីព្រោះពេលនេះផ្លូវជាច្រើនត្រូវបានកសាង មណ្ឌលសុខភាព និងសាលារៀនក៏ត្រូវបានពង្រាយជាច្រើនកន្លែងផងដែរ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបន្តស្នើមិត្តចិនជួយសាងសង់ផ្លូវតភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ៧ ពីតំបន់អូរគ្រៀង ទៅព្រំដែនកម្ពុជា-ឡាវ ជាបន្តទៀត ផងដែរ។
សម្តេចតេជោ បានថ្លែងឱ្យដឹងថា នៅខែអំឡុងមីនា ឆ្នាំ២០២២នេះ មន្ទីរពេទ្យធំៗចំនួនពីរតម្លៃជិត ៨០លានដុល្លារ ដែលជាជំនួយរបស់ចិន នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ផងដែរ ក្នុងនោះមានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅភ្នំពេញ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)