ភ្នំពេញ៖ វឌ្ឍនភាព គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចបាន ៦៦ភាគរយ គិតត្រឹមចុងខែមករា ឆ្នាំ២០២២។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ឱ្យដឹងថា «ទោះយ៉ាងណា គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣នេះ គ្រោង បញ្ចប់ការសាងសង់នៅអំឡុងខែកញ្ញា ឆ្នាំ២០២២ នេះ»។
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបន្តថា ភាពយឺតយ៉វនៃការសាងសង់គម្រោងនេះ ដោយសារផ្លូវក្រវ៉ាត់ក្រុងទី៣ ជាគម្រោងដ៏ស្មុគស្មាញមួយ និងត្រូវការដោះស្រាយផលប៉ះពាល់ជាច្រើន ហើយគួបផ្សំជាមួយវិបត្តិជំងឺកូវីដ-១៩ ទើបគម្រោងនេះ មិនអាចបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ តាមផែនការកំណត់។
លោក ស៊ុន ចាន់ថុល បានថ្លែងរម្លឹកថា ផ្លូវក្រវ៉ាត់ក្រុងទី៣ ជាគម្រោងផ្លូវស្ថាបនាថ្មីក្រោមកញ្ចប់ថវិកាជិត ៣០០លានដុល្លារ ក្នុងនោះថវិកា ២៧៣លានដុល្លារ ជាហិរញ្ញប្បទានពីប្រទេសចិន ហើយនៅសេសសល់ជាហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា។
បើតាម រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបន្ថែមថា ផ្លូវក្រវ៉ាត់ក្រុងទី៣ លាតសន្ធឹងប្រវែងសរុប ៥២គីឡូម៉ែត្រ ផ្លូវមេមានប្រវែង ៤៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹងចាប់ពី ២២ម៉ែត្រ ទៅដល់ ២៧ម៉ែត្រ កម្រាស់ ២២សង់ទីម៉ែត្រ ចំណែកផ្លូវខ្នែងមានប្រវែងសរុប ៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC ហើយមានស្ពានអាកាសឆ្លងផ្លូវជាតិចំនួន ៤កន្លែង (ឆ្លងផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងប្រមាណ ១គីឡូម៉ែត្រ។
លោក បានថ្លែងបន្ថែមទៀតថា ចំណែកស្ពានឆ្លងទន្លេវិញ មានចំនួន ២កន្លែងគឺស្ថិតនៅត្រង់កោះអន្លង់ចិន នៃទន្លេបាសាក់ មានប្រវែងសរុប ៩៩៦ម៉ែត្រ (ស្ពានខាងកើតប្រវែង ៦៣០ម៉ែត្រ និងខាងលិចប្រវែង ៣៦៦ម៉ែត្រ) ព្រមទាំងមានស្ពានមធ្យម និងខ្លីចំនួន ៦កន្លែងផ្សេងទៀត។
បើតាម លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ទៀតថា គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ធ្វើឡើងតាមផែនការមេ និងចក្ខុវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមការចង្អុលបង្ហាញពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលនានា រួមចំណែកកាត់បន្ថយបញ្ហាកកស្ទះដោយយានយន្ដធំៗ ដែលដឹកជញ្ជូនទំនិញចេញ-ចូលរាជធានីភ្នំពេញ។
ផ្លូវក្រវ៉ាត់ក្រុងទី៣ ក៏ជាផ្លូវតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ រួមមានផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចរបស់មហាអនុតំបន់ទន្លេមេគង្គ ដែលរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្ដុភារកម្មតំបន់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)