Register Already an agent ? Login

មន្រ្តីជាន់ខ្ពស់ក្រសួងដឹកជញ្ជូន កំណត់ក្រុមហ៊ុនសាងសង់កំណាត់ផ្លូវជាតិលេខ៤៨ ពន្លឿនវឌ្ឍនភាពការងារឱ្យបាន១៥% នៅចុងខែឧសភា

ភ្នំពេញ៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានកំណត់ឱ្យក្រុមហ៊ុនសាងសង់ពន្លឿនវឌ្ឍនភាពការងាររបស់ខ្លួនឱ្យបាន ១៥% គិតត្រឹមចុងខែឧសភា ឆ្នាំ២០២២។ ជាមួយគ្នា លោក បានជំរុញឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ អ្នកម៉ៅការបន្ត កម្មករនិយោជិត និងភាគីពាក់ព័ន្ធទាំងអស់សហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីសម្រេចបានវឌ្ឍនភាពការងារដែលបាន កំណត់ខាងលើនេះ។

ការកំណត់ខាងលើរបស់ លោក សូរ វ៉ិចទ័រ នៅកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួងពិនិត្យពិភាក្សាជំរុញវឌ្ឍនភាពការងារសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពី តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធផងដែរ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២។

អង្គប្រជុំ បានពិភាក្សាអំពីរបាយការណ៍វឌ្ឍនភាពការងារសម្រេចបាន ការកែសម្រួលកាលវិភាគការងារ សម្រាប់ការងារសាងសង់នៅក្នុងរដូវប្រាំង ដើម្បីធ្វើឱ្យប្រសើរឡើងនូវវឌ្ឍនភាពការងារ ការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ និងកម្លាំងពលកម្ម កង្វះអ្នកបច្ចេកទេសរចនាប្លង់ បញ្ហាទាក់ទងនឹងការកាប់ដើមឈើ សំណូមពរ បញ្ហាប្រឈមនិងដំណោះស្រាយរបស់ក្រុមហ៊ុន។ 

នាឱកាសនោះ លោក សូរ វ៉ិចទ័រ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ទាញយកឱកាសនៅក្នុងរដូវប្រាំឆ្នាំនេះ ដើម្បីពន្លឿនវឌ្ឍនភាពការងារសាងសង់របស់ខ្លួន ដោយហេតុថាស្ថានភាព ភូមិសាស្ត្រផ្លូវជាតិលេខ៤៨នេះ មានលក្ខណៈខុសគ្នាពីស្ថានភាពភូមិសាស្ត្រនៃផ្លូវផ្សេងទៀត។ លោក បានបញ្ជាក់ថា កំណាត់ផ្លូវនេះជាផ្លូវឋិតនៅក្នុងភូមិសាស្ត្រជាប់មាត់សមុទ្រ សំបូរទៅដោយភ្លៀងធ្លាក់ជោគជាំ បង្កការលំបាកដល់ ការងារសាងសង់។

ជាមួយគ្នានេះ រដ្ឋលេខាធិការ ក៏បានជំរុញផងដែរឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបន្ថែមគ្រឿងចក្រ និងកម្លាំងពលកម្មឱ្យបានច្រើនថែមទៀត ដើម្បីធានាឱ្យការសាងសង់បញ្ចប់ទៅតាមកាលបរិច្ឆេទគ្រោងទុកប្រកបដោយគុណភាពរឹងមាំ។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនសាងសង់ បានប្តេជ្ញាអនុវត្ត និងទទួលយកការណែនាំពី លេខាធិការ និងក្រុមការងារបច្ចេកទេស ដើម្បីឱ្យគម្រោងសាងសង់ផ្លូវទាំងនេះមានគុណភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង ដោយសហការជាមួយថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ 

គួររម្លឹកថា ផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៤៨ នេះចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និងផ្លូវ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យ បច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture គ្រោងចំណាយ ថវិកាសរុបប្រមាណ ៦៥.១៤លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។

សូមបញ្ជាក់ថា កំណត់ផ្លូវនេះ មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះប្រវែង ១២២.៩គីឡូម៉ែត្រ មានចំនួនពីរគន្លងប្រវែង ២៥.១គីឡូម៉ែត្រ មានចំនួន ៤គន្លង លើទីតាំងចំនួនបួនគឺ៖

១-ប្រវែង ១២គីឡូម៉ែត្រ (គ.ម ០+០០០- គ.ម ១២+០០០)។ ២-ប្រវែង ៣,៤គីឡូម៉ែត្រ (គ.ម ៥៧+៧០០ - គ.ម ៦១+១០០) ចំណុចអន្ទង់អាំង និងជាកន្លែងប្តូរខ្សែ ផ្លូវថ្មីទី១(Realignment)។

៣-ប្រវែង៤,២គីឡូម៉ែត្រ (គ.ម ១២៤+៤០០ - គ.ម១២៨+៦០០)ចំណុច ចំណោតតាតៃ និងជាកន្លែងប្តូរខ្សែផ្លូវថ្មីទី២(Realignment)។ ៤-ប្រវែង ៥,៥គីឡូម៉ែត្រ (គ.ម ១៤២+៥០០ - គ.ម ១៤៨+០៣៨) ទទឹងផ្លូវ១១ម៉ែត្រ (ពីរគន្លង) ១៨.៥ម៉ែត្រដល់ ២១.៥ម៉ែត្រ (បួនគន្លង) ក្រាលបេតុង កៅស៊ូ(AC) (កម្រាស់ ០៧សង់ទីម៉ែត្រ ) បេតុងសរសៃដែក(២៥សង់ទីម៉ែត្រ) ត្រង់ផ្លូវប្រសព្វ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)