ភ្នំពេញ៖ តាមការសិក្សារបស់កម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បង្ហាញថាផលប៉ះពាល់និងការខាតបង់ផ្នែកសេដ្ឋកិច្ចក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ចំណាយលើមន្ទីរពេទ្យ ទ្រព្យសម្បត្តិឯកជន ទ្រព្យសម្បត្តិជាតិ បានកើនឡើងដល់ ៤៥០លានដុល្លារ។ បើតាមការថ្លែងរបស់ ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ ដែលប្រើប្រាស់ទោចក្រយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស៊ុន ចាន់ ថុល បានថ្លែងបញ្ជាក់ថា «បញ្ហានេះជាការខាតបង់ដ៏ធំធេងសម្រាប់ប្រទេស ជាតិយើង»។
លោក រដ្ឋមន្រ្តី បានថ្លែងបន្តឱ្យដឹងថា យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេលពេញ ១ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន ២,៦៧០រកណី ថយចុះចំនួន ១៦ភាគរយ ពីឆ្នាំ២០២០ ចំនួន ១,៦៤៦នាក់។ លោក បានបន្តទៀតថា ក្នុងនោះ ចំនួនអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មានចំនួន ១,៤៩៧នាក់ ថយចុះ ១៤៥នាក់ ស្មើ ៩ភាគរយ និងអ្នករងបួសមានចំនួន ៣,៦១៥នាក់ ថយចុះ ១,០៧១នាក់ ធៀបនឹងឆ្នាំ២០២០។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានអំពាវនាវដល់អ្នកប្រើប្រើផ្លូវទាំងអស់ ទាំងអ្នកបើកបរម៉ូតូ និងរថយន្តត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន យល់ពីច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ចំណែកក្រុមហ៊ុនដឹកជញ្ជូនត្រូវមានកម្មវិធីបណ្តុះបណ្តាលដល់បុគ្គលិករបស់ខ្លួនពីច្បាប់ចរាចរណ៍ ឱ្យបានទូលំទូលាយកុំពឹងផ្អែកតែទៅលើគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទៅជួយផ្សព្វផ្សាយត្រូវជួយផ្សព្វផ្សាយទាំងអស់គ្នា។
លោក បានបញ្ជាក់ទៀតថា មិនត្រូវបើកបរលើសល្បឿនកំណត់ និងកុំប្រជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ដើម្បីចូលរួមចំណែកកាត់បន្ថយការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)